ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន Honda Motor បាននិយាយកាលពីថ្ងៃពុធ ទី៩ ខែតុលាថា ខ្លួនកំពុងប្រមូលរថយន្តខ្នាតតូច និង SUV ចំនួន ២ លានគ្រឿងនៅសហរដ្ឋអាមេរិក ចូលរោងចក្រជួសជុលវិញ បន្ទាប់ពីមានបញ្ហាបង្កូតតឹងពិបាកកាច់ ដែលអាចបង្កជាគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការប្រមូលយកមកជួសជុលវិញនេះ រួមមានរថយន្ត Honda ផលិតនៅឆ្នាំ២០២២ ដល់ ២០២៥ ដូចជាម៉ូដែល Civic , Civic Type R , CR-V , HR-V , Acura Integra និង Integra Type S ជាដើម។ ក្រុមហ៊ុន Honda បាននិយាយថា ខ្លួនបានទទួលការទាមទារឲ្យមានសេវាធានាចំនួនជាង ១០ម៉ឺនសំណើ ដែលទាក់ទងនឹងបញ្ហាចង្កូតនេះ ចាប់តាំងពីឆ្នាំ២០២១ មក។
គួរឲ្យដឹងថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA ) របស់សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតលើបញ្ហានេះ នៅក្នុងខែមីនាឆ្នាំ២០២៣ ដោយបានរកឃើញថាការផ្គុំប្រអប់ដៃចង្កូត ត្រូវបានផលិតដោយមិនត្រឹមត្រូវ ដែលអាចបណ្តាលឲ្យមានការកកិតខ្លាំងនៅផ្នែកខាងក្នុង និងនាំឲ្យមានការពិបាកនៅពេលកាច់។
មិនតែប៉ុណ្ណោះ NHTSA ក៏បាននិយាយកាលពីឆ្នាំមុនថា ខ្លួនបានទទួលរបាយការណ៍នៃគ្រោះថ្នាក់ចំនួន ១៣ ករណី ដែលទាក់ទងនឹងបញ្ហាចង្កូតនេះ រួមទាំងអ្នកបើកបរ ១១ នាក់ដែលបាននិយាយថាពួកគេបានបាត់បង់ការគ្រប់គ្រងរថយន្ត ដោយសារតែមិនអាចបញ្ជាលើដៃចង្កូតបាន មុនពេលរថយន្តរបស់ពួកគេធ្លាក់ចេញពីផ្លូវ៕