ថៃ សន្យាបង្កើនពាណិជ្ជកម្មទ្វេភាគីជាមួយឡាវ ឲ្យបានជាង ១០ពាន់លានដុល្លារ នៅឆ្នាំក្រោយ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានសន្យាថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសថៃ និងឡាវ បន្ថែមទៀត ក្នុងគោលបំណងជំរុញតម្លៃពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ចំនួន ១១ ពាន់លានដុល្លារ នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាមួយ លោក Malaythong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Pichai បាននិយាយថា ប្រទេសទាំងពីរ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែន ដោយកំណត់តម្លៃពាណិជ្ជកម្មទ្វេភាគីចំនួន ១១ពាន់លានដុល្លារ នៅឆ្នាំក្រោយ។

គួរឲ្យដឹងថាថៃ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​ឡាវ ដែល​តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​ចំនួន ៧,៦៣ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២៣ កន្លងទៅ។

ទន្ទឹមនឹងនេះ លោក Pichai ក៏បានស្នើឲ្យលោក Malaythong ពន្លឿនការបើកច្រកព្រំដែនចំនួនបួនឡើងវិញ បន្ទាប់ពីបានបិទចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ មក ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលថៃចូលទៅក្នុងប្រទេសឡាវបន្ថែម។

មិនតែប៉ុណ្ណោះ លោក Pichai ក៏បានសរសើររដ្ឋាភិបាលឡាវ ចំពោះការបន្ធូរបន្ថយនីតិវិធីគយ ដោយអនុញ្ញាតឲ្យរថយន្តដឹកទំនិញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ សម្រាប់ការដឹកជញ្ជូនផ្លែឈើបន្តទៅកាន់ប្រទេសចិន ផងដែរ។ កន្លងមករដ្ឋាភិបាលឡាវ ក៏បាន​សន្យា​ជួយសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងឆ្លងកាត់លើផ្លូវជាតិសំខាន់ៗទាំងបីរបស់ខ្លួន ក៏ដូចជាពង្រីករយៈពេលនៃអាជ្ញាប័ណ្ណដឹកជញ្ជូន ផងដែរ៕