ក្រុមហ៊ុនយក្សកាណាដា ACT បង្កើនសំណើផ្តល់ជូនជិត ៥០ពាន់លានដុល្លារ ដើម្បីទិញយកហាង 7-Eleven

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនហាងលក់ទំនិញរាយខ្នាតយក្សកាណាដា Alimentation Couche-Tard (ACT) បានបង្កើនការផ្តល់ជូនរបស់ខ្លួនលើសមុន ២២% ដល់ចំនួនទឹកប្រាក់ប្រហែល ៤៧ពាន់លានដុល្លារ ដើម្បីទិញយក Seven & i Holdings ដែលជាក្រុមហ៊ុនមេរបស់ម៉ាតជប៉ុន 7-Eleven ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ប្រសិនបើការផ្តល់ជូននេះអាចដំណើរការទៅបាន នោះវានឹងក្លាយកិច្ចព្រមព្រៀងទិញ-លក់ដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនជប៉ុន។

រំលឹកផងដែរថា បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Couche-Tard ធ្លាប់បានផ្តល់ជូនសំណើរទិញជាលើកដំបូង ដែលមានតម្លៃ ១៤,៨៦ដុល្លារក្នុងមួយហ៊ុន ឬប្រហែល ៣៨,៥ពាន់លានដុល្លារ ប៉ុន្តែត្រូវបានបដិសេធដោយ Seven & i ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Seven & i បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សំណើដែលត្រូវបានផ្តល់ជូនថ្មីខាងលើនេះ គឺមានលក្ខណ:ឯកជន និងមិនជាប់កាតព្វកិច្ច ហើយពួកគេគ្រោងនឹងរក្សាការចរចាជាសម្ងាត់ ដូចដែលបានស្នើសុំឡើងដោយ Couche-Tard ផ្ទាល់។

ទន្ទឹមនឹងនេះ លោក Manoj Jain សហស្ថាបនិករបស់ក្រុមហ៊ុនវិភាគ Maso Capital បាននិយាយថា ការផ្តល់ជូនច្រើនជាងមុខពីសំណាក់ ACT គឺមានភាពទាក់ទាញខ្លាំងជាងសំណើដើម ខណៈពេលដែលឧបសគ្គផ្នែកបទប្បញ្ញត្តិនៅតែមាន ហើយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Seven & i គួរតែចូលរួមដើម្បីពិនិត្យមើលថាតើកិច្ចព្រមព្រៀងនេះអាចដំណើរការបានឬអត់។

ជម្រាបជូនផងដែរថា Seven & i គ្រប់គ្រងលើហាងលក់ទំនិញរាយ 7-Eleven ជាង ៨ម៉ឺនកន្លែងនៅទូទាំងពិភពលោក និងរួមទាំងប្រតិបត្តិការផ្សេងទៀតដូចជាផ្សារទំនើប ធនាគារ ភោជនីយដ្ឋាន ជាដើម៕