នៅក្នុងរយ:ពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានកើនឡើងដល់ ១៤% ដែលបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមួយនេះ កើនលុយដល់ ៤០០ពាន់លានដុល្លារ នៅក្នុងមូលធនទីផ្សាររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។
ជុំវិញការកើនឡើងលុយដ៏ច្រើននេះ បានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ Nvidia ឈានដល់ចំនួនសរុប ៣,២ទ្រីលានដុល្លារ គិតចាប់តាំងពីការបើកទីផ្សារជួញដូរហ៊ុនកាលពីថ្ងៃពុធ សប្តាហ៍មុន។ ហើយឥឡូវនេះ Nvidia តាមពីក្រោយតែ Apple ប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតក្នុងលោក។
គួរឲ្យដឹងផងដែរថា តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើងប្រហែល ១៧០% នៅក្នុងឆ្នាំ២០២៤ នេះ និងកើនឡើងប្រហែល ៨០០% គិតចាប់តាំងពីដើមឆ្នាំ២០២៣ មក។
ជម្រាបជូនថា ការកើនឡើងនៃតម្លៃរបស់ក្រុមហ៊ុន Nvidia នេះ ក៏បានធ្វើឲ្យទ្រព្យសម្បត្តិរបស់ស្ថាបនិក និងនាយកប្រតិបត្តិ លោក Jensen Huangកើនឡើងខ្លាំងផងដែរ ពីចំនួនប្រហែល ១៤ពាន់លានដុល្លារ ដល់ ១០៦ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ២ឆ្នាំ ខណ:បច្ចុប្បន្ន លោកជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីទី១១ របស់ពិភពលោក ចេញផ្សាយដោយសារព័ត៌មាន Bloomberg៕