ក្រុមហ៊ុនយក្សអង់គ្លេសមួយ ចាកចេញពីរុស្ស៊ីដោយលក់អាជីវកម្មទាំងស្រុង ក្នុងតម្លៃជាង ៥០០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនលក់ទំនិញប្រើប្រាស់ដ៏ធំបំផុតមួយរបស់ពិភពលោក Unilever កាលពីពេលថ្មីៗនេះ បានប្រកាសលក់អាជីវកម្មរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ទៅឲ្យក្រុមហ៊ុនក្នុងស្រុក Arnest Group កាន់កាប់ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Unilever ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានក្លាយជាក្រុមហ៊ុនបរទេសចុងក្រោយមួយ ដែលប្រកាសដើរចេញពីរុស្ស៊ី ចាប់តាំងពីមានការលុកលុយទៅលើប្រទេសអ៊ុយក្រែនមក។

ការលក់នេះរួមបញ្ចូលទាំងអាជីវកម្មទាំងអស់របស់ខ្លួន និងរោងចក្រចំនួនបួន នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាអាជីវកម្មមួយចំនួនផ្សេងទៀត នៅក្នុងប្រទេសបេឡារុស្ស ផងដែរ។ ស្របពេលលក្ខខណ្ឌនៃប្រតិបត្តិការលក់នេះ ត្រូវបានសារព័ត៌មាន FT រាយការណ៍ថាមានតម្លៃប្រហែល ៥៦៨លានដុល្លារ។

ជម្រាបជូនថា ក្រុមហ៊ុនខ្នាតយក្សរបស់រុស្ស៊ី Arnest Group ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្តោបក្តាប់យកអាជីវកម្មរបស់ក្រុមហ៊ុនលោកខាងលិចជាច្រើន ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើង និងជាពិសេសបានទិញយកក្រុមហ៊ុនស្រាបៀរហូឡង់ Heineken នៅក្នុងតម្លៃត្រឹមតែ ១អឺរ៉ូ ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ កន្លងទៅ៕