ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០០នាក់របស់ឥណ្ឌា កើនដល់ ១ទ្រីលានដុល្លារ ជាលើកដំបូង

អន្តរជាតិ

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗទាំង ១០០ នាក់របស់ប្រទេសឥណ្ឌា បានកើនឡើងលើសពី ១ទ្រីលានដុល្លារជាលើកដំបូង ក្នុងឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌាដែលមានជាងគេបំផុតទាំង ១០០ នាក់ បានកើនឡើងប្រហែល ៤០% ពីចំនួន ៧៧៩ពាន់លានដុល្លារកាលពីឆ្នាំមុន ដល់ ១,១ទ្រីលានដុល្លារ នៅឆ្នាំនេះ។

ប្រភពខាងលើក៏បានបង្ហាញឲ្យដឹងថាទៀត ការកើនឡើងដ៏ច្រើនសម្បើមនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌាកំពូលៗទាំងនេះ គឺភាគច្រើនបានកើតឡើង ដោយសារតែកើនឡើងនៃតម្លៃទីផ្សារភាគហ៊ុន ស្របពេលក្រុមអ្នកវិនិយោគបន្តចាក់លុយចូលទៅក្នុងការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង (IPO) និងមូលនិធិទៅវិញទៅមក ជាដើម។

គួរឲ្យដឹងផងដែរថា ប្រធានក្រុមហ៊ុន Reliance Industries លោក Mukesh Ambani នៅតែបន្តរក្សាតំណែងជាមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌា ស្របពេលស្ថាបនិកក្រុមហ៊ុន Adani Group លោក Gautam Adani និងក្រុមគ្រួសារ ក៏បានមើលឃើញពីការកើនឡើងនៃទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ ក្នុងរយ:ពេលចុងក្រោយនេះ។

ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់លោក Ambani បានកើនឡើង ២៧,៥ពាន់លានដុល្លារ នៅឆ្នាំនេះ ដល់ចំនួនសរុបប្រមាណ ១១៩,៥ពាន់លានដុល្លារ ឈរនៅតំណែងលេខ១ ខណ:ទ្រព្យសម្បត្តិលោក Adani និងគ្រួសារ មានការកើនឡើង ៤៨ពាន់លានដុល្លារ ដល់ចំនួនសរុបប្រមាណ ១១៦ពាន់លានដុល្លារ ឈរតំណែងលេខ២ ក្នុងនាមជាអ្នកមានបំផុតនៅឥណ្ឌា៕