នៅឯព្រឹត្តិការណ៍មួយកាលពីថ្ងៃ១០ ខែតុលា នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បានធ្វើបទបង្ហាញរថយន្តប្រភេទថ្មីចំនួនពីរម៉ូឌែល ដោយមួយមានលក្ខណៈពិសេសប្លែក គ្មានដៃចង្កូត និងគ្មានឈ្នាន់ជាន់ល្បឿន ខណៈមួយទៀតអាចផ្ទុកមនុស្សបានដល់ទៅ ២០នាក់ សុទ្ធសឹងតែប្រើប្រាស់បញ្ញាសិប្បនិម្មិត។

សារព័ត៌មាន Reuters បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នោះ លោក Elon Musk បានលើកឡើងចំពោះ រថយន្តគ្មានដៃចង្កូត គ្មានឈ្នាន់ជាន់ល្បឿន ឬប្រាំង និងមានទ្វាររថយន្តចំនួនពីរនោះ ដែលមានឈ្មោះថា Cybercab នឹងត្រូវរោងចក្រផលិតឡើងនៅឆ្នាំ២០២៦ ខាងមុខ ជាមួយតម្លៃសមរម្យត្រឹមតែក្រោម ៣ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានណែនាំនូវប្រភេទប្រភេទរថយន្តម៉ូឌែលថ្មីមួយទៀតមានឈ្មោះថា Robovan អាចផ្ទុកអ្នកដំណើរបានចំនួន ២០នាក់មានបញ្ចេកវិទ្យាខ្ពស់។

ចំពោះរថយន្តទាំងនេះគឺបានបំពាក់មកទាំងស្រុងនូវកាំមេរ៉ា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ខណៈមហាសេដ្ឋីរូបនេះ បានឲ្យដឹងថា រថយន្តរបស់ខ្លួនមានសុវត្ថិភាពជាងការបើកបររបស់មនុស្សបានរហូតដល់ទៅ ១០ដង ហើយអាចបើកបរបានយូរជាងមនុស្សបានរហូតដល់ ៥ដងទៅ ១០ដងផងដែរ។
គួរឲ្យដឹងថា កន្លងមកលោកធ្លាប់បានបង្ហើបថា លោកមានបំណងដំណើរការរថយន្តតាក់ស៊ី Tesla បើកបរដោយខ្លួនឯង ហើយម្ចាស់រថយន្ត Tesla ម្នាក់ៗក៏អាចរកលុយបានដោយមិនបាច់ហត់ គ្រាន់តែចុះបញ្ជីយានយន្តរបស់ពួកគេជា Robotaxis ដោយអោយយានយន្តរត់តាក់ស៊ីដោយខ្លួនឯង៕

