ByteDance ដែលជាក្រុមហ៊ុនមេរបស់វេទិការបណ្តាញសង្គមចិន TikTok បានប្រកាសបញ្ឈប់បុគ្គលិកជាង ៧០០ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ ចង់ងាកមកផ្តោតកាន់តែច្រើនលើការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការសម្របសម្រួលមាតិការបស់ខ្លួន ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមប្រភពមិនបញ្ចេញឈ្មោះមួយ បានបង្ហាញឲ្យដឹងថា បុគ្គលិកដែលកំពុងធ្វើការផ្នែកសម្របសម្រួលមាតិការបស់ក្រុមហ៊ុន ByteDance នៅម៉ាឡេស៊ី ត្រូវបានគេជូនដំណឹងអំពីការបញ្ចប់តំណែងរបស់ពួកគេ តាមរយៈអ៊ីមែលមួយដែលបានផ្ញើទៅកាលពីល្ងាចថ្ងៃពុធ សប្តាហ៍នេះ។
គួរឲ្យដឹងផងដែរថា Bytedance មានបុគ្គលិកសរុបជាង ១១ម៉ឺននាក់ នៅក្នុងទីក្រុងជាង ២០០ ទូទាំងពិភពលោក។ ស្របពេលរបាយការណ៍មួយផ្សេងទៀត បានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏កំពុងរៀបចំផែនការដាក់បន្ថយបុគ្គលោកបន្ថែមទៀត នៅខែក្រោយនេះផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់ថានឹងត្រូវធ្វើឡើងនៅតំបន់ណានៅឡើយទេ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យ TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងកំពុងធ្វើការផ្លាស់ប្តូរទាំងនេះ ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់យើង ក្នុងការពង្រឹងបន្ថែមទៀតនូវគំរូប្រតិបត្តិការសកល សម្រាប់ជាការងាយស្រួលដល់ការសម្របសម្រួលមាតិកា” ។
អ្នកនាំពាក្យដដែលរូបនេះ ក៏បាននិយាយទៀតផងដែរថា ក្រុមហ៊ុន ByteDance គ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ ២ពាន់លានដុល្លារទូទាំងពិភពលោក ដើម្បីផ្តោតទៅលើប្រព័ន្ធសុវត្ថិភាពនៅឆ្នាំនេះ៕