ក្រុមហ៊ុនផលិតធ្យូងថ្មធំជាងគេបំផុតរបស់ប្រទេសចិន CHN Energy Investment Group បានប្រកាសការវិនិយោគទឹកប្រាក់ចំនួន ២៤ពាន់លានដុល្លារ នៅក្នុងរោងចក្រកែច្នៃធ្យូងថ្ម ទៅជាប្រេង នៅទីក្រុង Hami ខេត្ត Xinjiang។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Benzinga។
គម្រោងដែលនឹងត្រូវចំណាយទឹកប្រាក់ដ៏ច្រើននេះ គ្រោងនឹងចាប់ផ្តើមផលិតជាផ្លូវការ នៅក្នុងឆ្នាំ២០២៧ ជាមួយគោលបំណងធំ ក្នុងការបំប្លែងធ្យូងថ្មប្រើប្រាស់ហើយ ទៅជាផលិតផលប្រេង។
ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា រោងចក្រថ្មីនេះ នឹងមានសមត្ថភាពក្នុងបំប្លែងធ្យូងថ្ម ទៅជាផលិតឥន្ធន:សំយោគដូចជា សាំង និងម៉ាស៊ូត ដោយប្រើបច្ចេកវិទ្យាដ៏ទំនើប ខណ:វាក៏នឹងជួយកាត់បន្ថយការពឹងផ្នែករបស់ចិន លើការនាំចូលប្រេងពីក្រៅប្រទេស បានមួយផ្នែកធំ ផងដែរ។
ប្រទេសចិន បានផលិតធ្យូងថ្មសរុបចំនួន ៤,៧ ពាន់លានតោន ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការប្រើប្រាស់ធ្យូងថ្មរបស់ខ្លួន ក្នុងការផលិតជាថាមពលអគ្គិសនី បានចាប់ផ្តើមធ្លាក់ចុះ ដោយសារតែការយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើថាមពលស្អាតជំនួសវិញ។
ជម្រាបជូនផងដែរថា ប្រទេសចិន បាននិងកំពុងបង្កើនគម្រោងកែច្នៃធ្យូងថ្ម ទៅជាប្រេងរបស់ខ្លួន យ៉ាងច្រើន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សមត្ថភាពផលិតធ្យូងថ្មទៅជាប្រេង បានកើនឡើង ២៤% និងឈានដល់ ១១ លានតោនជារៀងរាល់ឆ្នាំ៕