កាលពីពេលថ្មីៗនេះ! ក្រុមហ៊ុនផលិតរថយន្ត Lexus ទើបនឹងបញ្ចេញវីដេអូផ្សព្វផ្សាយនិងឯកសារលក្ខណៈបច្ចេកទេសមួយចំនួនពីរថយន្ត Lexus ម៉ូឌែល LX 700h ឆ្នាំ ២០២៥ ជំនាន់ទី ៤ ដែលគ្រោងនឹងដាក់លក់ចុងឆ្នាំនេះ ឬយ៉ាងយូរបំផុតដើមឆ្នាំ ២០២៥ ។

បើតាមការលើកឡើងរបស់លោក Takami Yokoo ប្រធានវិស្វកររបស់ក្រុមហ៊ុនផលិតរថយន្ត Lexus បានឲ្យដឹងថា ចាប់តាំងពីប្រកាសចេញ ដំបូង Lexus ឆ្នាំ 1989 មក រថយន្តម៉ូឌែល LX 7000h នេះជារថយន្តទីមួយទទួលបានកំណែប្រែអាប់ឌែតថ្មីលើដំណើរការដោយថាមពលបច្ចេកវិទ្យាកូនកាត់ Parallel Hybrid ជំនាន់ចុងក្រោយបង្អស់។
ក្រុមហ៊ុនបានអះអាងថា នេះជាការស្រាវជ្រាវគិតគូរលើបរិស្ថានយ៉ាងល្អិតល្អន់និងបានដាក់ឈ្មោះឲ្យថា «Lexus-first hybrid system» ដែលជាចំណុចលេចធ្លោនៃរថយន្តប្រភេទ SUV ខ្នាតធំ LX 700h ឆ្នាំ ២០២៥ ហើយវាធ្វើការរួមគ្នាជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៣,៤ លីត្រ V6 ជំនួយពី Twin-turbo មានប្រអប់លេខអូតូ ១០វគ្គ ធ្វើឲ្យរថយន្តស្ទុះខ្លាំងនិងសន្សំសំចៃកាន់តែប្រសើរ។
ចំពោះគំនិតរក្សារសនិយមឲ្យ LX នៅតែផ្ដោតលើការបើកបរ Off-road ក្រុមហ៊ុនរចនាសំណុំម៉ាសុីនក្នុងទម្រង់ថ្មី រចនាសម្ព័ន្ធថ្មីការពារមិនជ្រាបទឹក មានគ្របការពារប្លុកថ្មអាគុយ និងការពារប្រព័ន្ធអគ្គិសនីក្នុងរថយន្ត។ រថយន្តនេះមានកម្ពស់ខ្ពស់ ទំហំធំទូលាយ ឯបាតក្រោមរឹងមាំ អាចឲ្យអ្នកបើកបរក្នុងជម្រៅទឹកដល់ ៧០០ ម.ម (ជម្រៅជិត១ម៉ែត្រ) ក៏ដូចជាការបន្ថែមប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ-ក្រោយស្តង់ដារ រួមនឹងការបំពាក់ថាសកង់ស្ព័រទំហំ ១៨អ៉ីញ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ រចនាឡើងគួរទាក់ទាញ មានប្រព័ន្ធតន្រ្តីកម្សាន្តដ៏សំបូរបែប មានកន្លែងសាកថ្មឥតប្រើខ្សែ មានប្រអប់លេខថ្មីប្រភេទ Electro-Shiftmatic system ដែលទើបនឹងមានលើកដំបូងលើ LX ។
ត្បិតរថយន្តនេះត្រូវបានគេដឹងថា គ្រោងនឹងលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ នៅទីផ្សារសហរដ្ឋអាមេរិក តែគិតត្រឹមពេលនេះនៅមិនទាន់មានប្រភពណាមួយបញ្ចេញតម្លៃជាក់លាក់នៅឡើយទេ។ សូមរង់ចាំនៅអត្ថបទបន្ទាប់នឹងចេញផ្សាយឆាប់ៗនេះ៕





