ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតខ្នាតយក្សរបស់ពិភពលោក OpenAI គ្រោងនឹងបើកការិយាល័យទីពីរនៅអាស៊ី ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីបានបើកការិយាល័យដំបូងរបស់ខ្លូន នៅក្នុងប្រទេសជប៉ុន កាលពីបួនខែមុន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការិយាល័យថ្មីនេះ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ហើយនឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុន ក្នុងការធ្វើការជាមួយដៃគូ និងអតិថិជននៅទូទាំងតំបន់។
លោក Sam Altman នាយកប្រតិបត្តិនៃក្រុមហ៊ុន OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”សិង្ហបុរី ដែលមានប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃការដឹកនាំផ្នែកបច្ចេកវិទ្យា បានលេចចេញជាអ្នកនាំមុខគេក្នុងវិស័យ AI។ យើងមានក្តីរំភើប និងរីករាយបំផុតក្នុងការចាប់ដៃគូជាមួយរដ្ឋាភិបាល ដើម្បីចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ី AI ដ៏រីកចម្រើនរបស់ប្រទេសនេះ ខណ:ពេលដែលយើងកំពុងព្យាយាមពង្រីកខ្លួន ទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
គួរឲ្យដឹងផងដែរថា សម្រាប់មុខតំណែងដែលក្រុមហ៊ុន OpenAI គ្រោងទទួលយកមកធ្វើការក្នុងការិយាល័យថ្មី នៅប្រទេសសិង្ហបុរីនេះ រួមមាននាយកផ្នែកលក់ អ្នកគ្រប់គ្រងអតិថិជន ស្ថាបត្យករ និងវិស្វករ។
ជម្រាបជូនថា នៅក្នុងខែមេសា ក្រុមហ៊ុនអាមេរិកនេះ បានបើកដំណើរការការិយាល័យដំបូងរបស់ខ្លួននៅអាស៊ី ដែលមានទីតាំងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយនឹងការដាក់ចេញបញ្ញាសិប្បនិម្មិតជំនាន់ថ្មី GPT-4 ដែលតម្រូវសម្រាប់អ្នកប្រើប្រាស់ជាភាសាជប៉ុន៕