ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីកំពូល Elon Musk ទទួលបានភាគជោគជ័យថ្មីជាប្រវត្តិសាស្រ្ត នៅក្នុងការបាញ់បង្ហោះសាកល្បងលើកទី៥ របស់ខ្លួន ដោយរ៉ុក្កែតយក្ស Super Heavy Booster ដែលរុញយានអាវកាស Starship ទៅកាន់ផ្ទៃលំហនោះ អាចត្រលប់មកចុះចតនៅលើផែនដីវិញដោយរលូន និងរក្សាបានរូបរាងទាំងមូល ខណ:នេះគឺជាគោលដៅដ៏ធំ សម្រាប់ការតេស្តសាកល្បងលើកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា Super Heavy Booster បានបាញ់បង្ហោះ នៅវេលាម៉ោង ៧:២៥នាទី ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ពីកន្លែងបាញ់បង្ហោះរបស់ក្រុមហ៊ុន SpaceX ស្ថិតនៅឆ្នេរ Boca Chica ក្នុងរដ្ឋតិចសាស់ ដោយបញ្ជូនយាន Starship ទៅកាន់ផ្ទៃលំហ មុនពេលបំបែកខ្លួនចេញពីគ្នា ដោយជោគជ័យ នៅរយៈកម្ពស់ប្រហែល ៧០ គីឡូម៉ែត្រ។
ប៉ុន្តែអ្វីដែលពិសេសបំផុតមិនធ្លាប់មានសម្រាប់ការបាញ់បង្ហោះតេស្តសាកល្បងលើកទី៥ របស់ក្រុមហ៊ុន SpaceX នេះ គឺភាពទទួលបានភាគជ័យនៃការចាប់យករ៉ុក្កែត Super Heavy Booster មកកាន់ជើងទម្រដែលមានដៃចាប់ នៅលើផ្ទៃផែនដីវិញ ដោយរលូននិងសុវត្ថិភាពបំផុត ជាមួយនឹងការរក្សារូបរាងបានទាំងស្រុង ខណ:ការធ្វើតេស្តមុនៗ គឺបានត្រឹមចុះចតនៅក្នុងសមុទ្រ និងត្រូវបានបំផ្ទុះចោលលើអាកាស ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរយាន Starship ដែលបានបំបែកខ្លួនចេញពីប្រព័ន្ធរ៉ុក្កែតនោះ បានធ្វើដំណើរក្នុងល្បឿនប្រហែល ២៦ ២០០ គីឡូម៉ែតក្នុងមួយម៉ោង និងបន្តហោះឡើងលើក្នុងលំហ ដល់កម្ពស់ជិត ២០០ គីឡូម៉ែត្រ ពីផ្ទៃផែនដី មុនបានទម្លាក់ខ្លួនមកផែនដីវិញ ដោយបំផ្ទុះខ្លួនក្នុងមហាសមុទ្រឥណ្ឌា ដែលស្ថិតនៅក្បែរភាគខាងលិចនៃប្រទេសអូស្ត្រាលី ក្រោយហោះហើរអស់រយ:ពេល ៩០នាទី។
បញ្ជាក់ផងដែរថា នេះអាចចាត់ទុកថាជាភាគជោគជ័យដ៏ធំបំផុត សម្រាប់ក្រុមហ៊ុន SpaceX នៅក្នុងការបាញ់បង្ហោះសាកល្បងលើកចុងក្រោយរបស់ខ្លួននេះ ជាពិសេសការចាប់យករ៉ុក្កែត Super Heavy Booster ដោយរលូន។
ជម្រាបជូនថា Starship ដែលបានបង្ហាញជាលើកដំបូងដោយក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ក្នុងឆ្នាំ២០១៧ បានផ្ទុះជាច្រើនដងក្នុងដំណាក់កាលផ្សេងៗគ្នានៃការធ្វើការធ្វើតេស្ត ប៉ុន្តែនៅទីបំផុតបានបញ្ចប់ការហោះហើរពេញលេញ ដោយជោគជ័យជាលើកដំបូង នៅក្នុងខែមិថុនា ឆ្នាំ២០២៤៕