ក្រុមហ៊ុនផលិតយន្តហោះ Boeing គ្រោងបញ្ឈប់បុគ្គលិកជិត ២ម៉ឺននាក់ ក្រោយចំណូលធ្លាក់ចុះខ្លាំង

អន្តរជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing លោក Kelly Ortberg បានប្រកាសកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកចំនួន ១៧ ០០០ នាក់ ដែលស្មើនឹង ១០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួន ចំពេលមានកូដកម្ម ការ​ពន្យារ​ពេលនៃផលិតកម្ម និងការព្រួយបារម្ភអំពីសុវត្ថិភាពជាមួយនឹងយន្តហោះរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ortberg ដែលបានចូលកាន់តំណែងជា CEO ក្រុមហ៊ុនកាលពីខែសីហា បាននិយាយថា ៖”អាជីវកម្មរបស់យើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ហើយវារឹតតែពិបាកក្នុងការបង្ហាញពីបញ្ហាដែលយើងត្រូវប្រឈមមុខដាក់គ្នា។ ការស្ដារក្រុមហ៊ុនរបស់យើងឡើងវិញ គឺត្រូវទាមទារការសម្រេចចិត្តដ៏លំបាក ហើយយើងនឹងត្រូវតែ ធ្វើ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​មួយចំនួន ដើម្បី​ធានា​បានថា​យើង​អាច​រក្សា​ការ​ប្រកួត​ប្រជែង ​និង​ផ្តល់​ជូន​អតិថិជន​របស់​យើង ​ក្នុង​រយៈ​ពេល​វែងទៅមុខទៀត”។

ក្រុមហ៊ុន Boeing ដែលបានរាយការណ៍ពីប្រាក់ចំណេញចុងក្រោយបំផុតរបស់ខ្លួន ក្នុងឆ្នាំ២០១៨ បានបញ្ឈប់បុគ្គលិកជាង ៣ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញាមក។ ហើយជុំវិញការបញ្ឈប់ពីការងារនេះ ត្រូវគេព្យាករថាបានធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារក្នុងមួយខែ។

ជុំវិញការបញ្ឈប់នេះ ក៏បាននាំមកនូវកូដកម្មដ៏ធំផងដែរ រហូតឈានដល់ការផ្អាកការផលិតយន្តហោះ នៅរោងចក្រសំខាន់ៗមួយចំនួនរបស់ Boeing ដូចជានៅក្នុងទីក្រុង Seattle រដ្ឋ Washington ដែលជារដ្ឋមានបុគ្គលិកជិត ១៥០ ០០០ នាក់ កំពុងធ្វើការ។

ជម្រាបជូនថា ការបញ្ឈប់បុគ្គលិកដ៏ច្រើននេះ ត្រូវបានចាត់ទុកថាជាពេលវេលាដ៏អាក្រក់មួយរបស់ លោក Ortberg ដែលបានក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Boeing ។ លោកបានចូលកាន់តំណែងក្នុងខែសីហា ខណៈពេលដែលក្រុមហ៊ុន Boeing កំពុងរងនូវរឿងអាស្រូវជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅនឹងបញ្ហាសុវត្ថិភាពក្នុងពេលហោះហើរ ការពន្យារពេលផលិតកម្ម រហូតដល់មានបំណុលដល់ ៦០ពាន់លានដុល្លារ។ ខណ:ក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថាបានខាតបង់លុយ ២៥ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៩ មក៕