ក្រុមហ៊ុនមហាសេដ្ឋីឌុយបៃ ប្រកាសវិនិយោគ ១ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅថៃ

អន្តរជាតិ

បុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Damac Group របស់មហាសេដ្ឋីឌុយបៃ លោក Hussain Sajwani បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ នៅក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅក្នុងប្រទេសថៃ ចំពេលកំពុងមានការរីកចម្រើនខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា Damac នឹងបោះទុនវិនិយោគនៅក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ពី ៣ ទៅ ៤ កន្លែង ក្នុងប្រទេសថៃ ដោយនឹងមានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផ្តល់មជ្ឈមណ្ឌលទិន្នន័យ ក្នុងស្រុក Proen Corp ផងដែរ ។

មួយក្នុងចំណោមគម្រោងមជ្ឈមណ្ឌលផ្ទុកទិន្នន័យទាំងនោះ នឹងមានទីតាំងនៅកណ្តាលទីក្រុងបាងកក ដោយគ្រោងនឹងដាក់ឲ្យដំណើរការលើប្រព័ន្ធអ៊ីនធឺណិត នាខែមីនា ឆ្នាំក្រោយ។

គួរឲ្យដឹងផងដែរថា លោក Hussain Sajwani ដែលជាស្ថាបនិកក្រុមហ៊ុន Damac Group​ កំពុងព្យាយាមងាកមកផ្តោតបន្ថែមទៀតទៅលើអាជីវកម្មបច្ចេកវិទ្យាដែលទាក់ទងទៅនឹងប្រព័ន្ធ Cloud និង AI ក្នុងរយ:ពេលចុងក្រោយនេះ ខណ:ពេលដែលលោកក៏នៅមានអាជីវកម្មជាច្រើនទៀត ដូចជាក្នុងវិស័យអចលនទ្រព្យ និងថាមពល ជាដើម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Hussain Sajwani មានចំនួនប្រមាណជាង ៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ នេះ៕