ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីកំពូល Elon Musk កាលពីពេលថ្មីៗនេះ ទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការបាញ់បង្ហោះតេស្តសាកល្បងយាន Starship លើកទី៥ របស់ខ្លួន។
Super Heavy Booster ដែលជារ៉ុក្កែតរុញច្រានយាន Starship ទៅកាន់លំហរនោះ អាចចុះចតមកកាន់ជើងទម្រដែលមានដៃចាប់ នៅលើផ្ទៃផែនដីវិញ ដោយជោគជ័យ និងសុវត្ថិភាពបំផុត ជាមួយនឹងការរក្សារូបរាងបានទាំងស្រុង ខណ:ការធ្វើតេស្តមុនៗ គឺបានត្រឹមចុះចតនៅក្នុងសមុទ្រ និងត្រូវបានបំផ្ទុះចោលលើអាកាស ប៉ុណ្ណោះ។
ជុំវិញភាពជោគជ័យនេះ ក៏បានធ្វើឲ្យលោក Musk ចំណេញទឹកប្រាក់យ៉ាងច្រើនផងដែរ ក៏ព្រោះតែការចំណាយលើថ្លៃផលិតយាន Starship មួយគ្រឿងៗ មានតម្លៃដល់ទៅខ្ទង់រាប់ពាន់លានដុល្លារ ឯណោះ។
បើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian លោក Musk ធ្លាប់បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមគម្រោងដំបូងក្នុងឆ្នាំ២០១២ មក ការចំណាយលើការអភិវឌ្ឍសរុបរបស់យាន Starship អាចមានចន្លោះពី ២ទៅដល់ ១០ពាន់លានដុល្លារ ខណ:ការបាញ់បង្ហោះតេស្តសាកល្បង ក្នុងមួយលើកៗ ត្រូវបានប៉ាន់ប្រមាណថាចំណាយអស់ខ្ទង់ ១០០លានដុល្លារ។
ជម្រាបជូនផងដែរថា ចំនួននៃការចំណាយនេះហាក់នៅមានកម្រិតតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងចំនួនទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះ ដែលត្រូវបានទស្សនាវដ្តី Forbes រាយការណ៍ថាមានចំនួនប្រមាណ ២៤៦,៥ពាន់លានដុល្លារ៕