Elon Musk សង្ងំផ្តល់លុយ ៧៥លានដុល្លារ ជួយលោក ត្រាំ ប្រជែងដំណែងប្រធានាធិបតីអាណិត្តិថ្មី

អន្តរជាតិ

លោក​ Elon Musk បានផ្តល់ទឹកប្រាក់ប្រហែល ៧៥លានដុល្លារ ទៅកាន់ក្រុមអ្នកគាំទ្ររបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់ចំណាយក្នុងរយ:ពេល ៣ខែកន្លងមក ខណ:មហាសេដ្ឋីរូបនេះ ប្រកាសគាំទ្រពេញទំហឹងទៅលើបេក្ខជនគណបក្សសាធារណរដ្ឋ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិតបតី​ នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការសកម្មភាពនយោបាយថ្មីមួយ ហៅកាត់ថា (PAC) ដែលគាំទ្រលើអតីតប្រធានាធិបតី លោក ត្រាំ ត្រូវបានគេរាយការណ៍ថា បានចំណាយអស់ប្រហែល ៧២លានដុល្លារ រួចទៅហើយ នៃចំនួនទឹកប្រាក់ដែលលោក Musk បានផ្តល់ឲ្យក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។

ស្ថាបនិកក្រុមហ៊ុន Tesla បានប្រកាសគាំទ្រទៅលើលោក ត្រាំ ជាសាធារណ:ភ្លាមៗ ក្រោយអតីតប្រធានាធិបតីអាមេរិករូបនេះ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត ក្នុងខែកក្កដា។ ក្រោយមកលោក Musk ក៏បង្ហាញមុខជាលើកដំបូង ជាមួយលោក ត្រាំ នៅឯការជួបជុំមួយ ក្នុងរដ្ឋ Pennsylvania កាលពីដើមខែតុលានេះ ផងដែរ។

គួរឲ្យដឹងផងដែរថា ចំនួនទឹកប្រាក់នៃការបរិច្ចាគរបស់លោក Musk ដល់ទៅកាន់ PAC នេះ បានធ្វើឲ្យលោកវ៉ាដាច់ម្ចាស់ជំនួយធំៗផ្សេងរបស់បក្សសាធារណរដ្ឋ ដោយក្នុងនោះរួមទាំងមហាសេដ្ឋីធនាគារ លោក Timothy Mellon និងមហាសេដ្ឋីកាស៊ីណូ Miriam Adelson ផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ បើតាម Reuters បានរាយការណ៍នៅដើមខែនេះថា លោក Musk បានផ្តល់មូលនិធិដោយសម្ងាត់ ទៅកាន់ក្រុមនយោបាយអភិរក្សនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលលោកសម្រេចចិត្តបង្ហាញការគាំទ្រលើលោក ត្រាំ ជាសាធារណៈ៕