ទីភ្នាក់ងារទេសចរណ៍ជប៉ុន បាននិយាយកាលពីថ្ងៃពុធ ទី១៦ ខែតុលាថា ការចំណាយរបស់ភ្ញៀវទេសចរបទេស នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៥,៨ទ្រីលានយ៉េន ឬស្មើនឹង ៣៩ពាន់លានដុល្លារ ត្រឹមរយ:ពេល ៩ខែដំបូង ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តួលេខនេះបានឆ្លុះបញ្ចាំងពីការកើនឡើងដល់ទៅជាង ៥៤% នៃចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសជប៉ុន ដល់ចំនួន ២៦,៩ លាននាក់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។ នេះបើយោងតាមទិន្នន័យដាច់ដោយឡែកមួយពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ។
គួរឲ្យដឹងថា ប្រទេសជប៉ុនបានមើលឃើញពីការកើនឡើងនៃវិស័យទេសចរណ៍ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន ដោយជួយបង្កើនអំណាចទិញរបស់ភ្ញៀវទេសចរមកពីបរទេស ខណៈគំនូរជីវចល តុក្កតា និងវប្បធម៌ផ្សេងទៀត នៅតែបន្តជាចំណុចទាក់ទាញដ៏សំខាន់របស់ប្រទេសនេះ ផងដែរ។
ជម្រាបជូនផងដែរថា ក្នុងរយ:ពេល ៩ខែកន្លងមកនេះ កូរ៉េខាងត្បូង នៅតែបន្តឈរកំពូលតារាង ក្នុងនាមជាភ្ញៀវទេសចរ ចូលមកលេងប្រទេសជប៉ុនច្រើនជាងគេ ជាមួយចំនួនសរុប ៦៥៦ ៧០០ នាក់ កើនឡើង ១៥% ខណ:ចិន ជាប់លេខ២ ដោយមានចំនួនសរុប ៦៥២ ៣០០ នាក់ តាមពីក្រោយដោយតៃវ៉ាន់ និងសហរដ្ឋអាមេរិក៕