ជនរងគ្រោះរាប់រយនាក់នៃគម្រោងបោកប្រាស់រាងពីរ៉ាមីត របស់ក្រុមហ៊ុនខ្នាតយក្សថៃ iCon Group បានលេចចេញឡើងនៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា និងជប៉ុន ផងដែរ ខណៈពេលដែលចំនួនអ្នកតវ៉ា និងទាមទារសំណងនៅក្នុងប្រទេសថៃ កើនឡើងយ៉ាងខ្លាំង។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន The Nation។
កាលពីចុងសប្តាហ៍មុន ប៉ូលីសថៃបាននិយាយថា ចំនួនមនុស្សដែលបានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាលប្រឆាំងនឹងក្រុមហ៊ុន iCon Group មានច្រើនជាង ៥០០ នាក់ និងបន្តកើនឡើងបន្ថែមទៀតគិតមកទល់ពេលនេះ ជាមួយនឹងទំហំទឹកប្រាក់ទាមទារសំណងត្រលប់ទៅវិញច្រើនជាង ២០០លានបាត។
ជនរងគ្រោះជនជាតិថៃ បានប្រាប់ប៉ូលីសថា ពួកគេត្រូវបានទាក់ទាញឲ្យក្លាយម្ចាស់ជំនួញ ឬអ្នកតំណែងចែកចាយផលិតផលអាហារបំប៉នបន្ថែមរបស់ក្រុមហ៊ុន ដោយសន្យាថាផលិតផលទាំងនោះនឹងលក់ដូចដាច់ ដូចជានំខេក។ ប៉ុន្តែចុងក្រោយពួកគេបានបញ្ចប់ដោយការបរាជ័យទាំងស្រុង ក្នុងការលក់ផលិតផលទាំងនោះ ហើយត្រូវបានណែនាំឲ្យជ្រើសរើសតំណាងចែកចាយបន្តទៀត ដើម្បីធ្វើការនៅក្រោមពួកគេ ដូច្នេះពួកគេអាចទទួលបានចំណែកនៃទឹកប្រាក់វិនិយោគរបស់អ្នកចូលរួមវិនិយោគថ្មីៗ។
យ៉ាងណាមិញ បើតាមប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលចូលរួមវិនិយោគក្នុងគម្រោងបោកប្រាស់នេះ ក៏រួមមានជនរងគ្រោះនៅក្នុងប្រទេសជិតខាងថៃផងដែរ ដូចជាឡាវ កម្ពុជា មីយ៉ាន់ម៉ា និងសូម្បីតែនៅក្នុងប្រទេសជប៉ុន។
ជម្រាបជូនផងដែរថា គម្រោងនៃការបោកប្រាស់នេះ គឺផ្តើមចេញពីការបង្ហាញមុខរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន iCon Group ផ្ទាល់ និងតារាជួរមុខរបស់ប្រទេសថៃ ជាច្រើនរូបផ្សេងទៀត ដែលបានធ្វើដំណើរទៅកាន់ប្រទេសជិតខាង ដើម្បីផ្សព្វផ្សាយ ជាមួយនឹងការប្រារព្ធពិធីឡើងយ៉ាងអធិកអធិម ក្នុងទាក់ទាញពលរដ្ឋនៃប្រទេសទាំងនោះឲ្យចូលមកបណ្តាក់ទុន ដើម្បីក្លាយជាអ្នកតំណែងចែកចាយបន្តរបស់ក្រុមហ៊ុន៕