ថ្មីៗនេះ លោកស្រី Melinda French Gates ទើបតែទទួលបានទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារ ពីអតីតស្វាមី លោក Bill Gates បើទោះបីជាអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នាដាច់ស្រេចហើយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
លោកស្រី French Gates បានលែងលះជាមួយសហស្ថាបនិកក្រុមហ៊ុន Microsoft ក្នុងអំឡុងឆ្នាំ២០២១ ហើយថែមទាំងបានប្រកាសលាលែងចេញពីតំណែងជាសហប្រធាននៃមូលនិធិ Bill & Melinda Gates ដែលបានបង្កើតឡើងរួមជាមួយអតីតស្វាមី កាលពីខែមិថុនា ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បីឆ្នាំបន្ទាប់ពីឈានដល់ការលែងលះនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នៅតែបន្តផ្ទេរភាគហ៊ុនទៅឲ្យអតីតភរិយារបស់ខ្លួនបន្ថែមទៀត។ ដោយកាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ លោកស្រី French Gates ត្រូវគេរាយការណ៍ថា ទទួលបានភាគហ៊ុនក្នុងក្រុមហ៊ុនសាធារណៈមួយ ដែលមានតម្លៃដល់ទៅ ១,២ពាន់លានដុល្លារ និងជួយបង្កើនទ្រព្យសម្បត្តិសរុបរបស់លោកស្រី ដល់ចំនួនជាង ៣០ពាន់លានដុល្លារ។
គួរឲ្យដឹងថា លោក Bill Gates ដែលឥឡូវនេះមានទ្រព្យសរុបប្រមាណជាង ១០៥ពាន់លានដុល្លារ បានផ្តល់ជូនលោកស្រី French Gates នូវភាគហ៊ុនចំនួន ៧,១% បន្ថែមទៀត នៅក្នុងក្រុមហ៊ុនលក់រាយរថយន្ត AutoNation ដែលធ្វើឲ្យលោកស្រីបច្ចុប្បន្ន មានភាគហ៊ុនកាន់កាប់សរុបដល់ ១៨% ។
ទន្ទឹមនឹងនេះ លោកស្រី French Gates ក៏ទទួលបានភាគហ៊ុន ១% បន្ថែម នៅក្នុងក្រុមហ៊ុន Canadian National Railway Company ផងដែរ ដែលធ្វើឲ្យភាគហ៊ុនសរុបរបស់លោកស្រី នៅក្នុងក្រុមហ៊ុនបណ្តាញដឹកជញ្ជូនទំនិញនេះ ឡើងដល់ ១,៤% ដែលជាលទ្ធផលទទួលបានក្រោយការការលែងលះ៕