ក្រុមហ៊ុនទូរទមនាគមន៍ខ្នាតយក្ស Nokia ប្រកាសបញ្ឈប់បុគ្គលិកជិត ២ ពាន់នាក់ ឬប្រហែលមួយភាគប្រាំនៃបុគ្គលិកសរុបរបស់ខ្លួន នៅក្នុងប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Nokia បានបញ្ជាក់ថា ក្រុមហ៊ុនបានបើកការពិភាក្សាទាក់ទងនឹងគម្រោងបញ្ឈប់បុគ្គលិកចំនួន ៣៥០ នាក់នៅក្នុងទ្វីបអឺរ៉ុប ផងដែរ ខណ:ផែនការបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសចិន មិនត្រូវបានបង្ហាញឲ្យដឹងមុននោះឡើយ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Nokia មានបុគ្គលិកចំនួន ១០ ៤០០ នាក់ នៅក្នុងប្រទេសចិន និងបុគ្គលិកចំនួន ៣៧ ៤០០ នាក់ផ្សេងទៀតនៅអឺរ៉ុប។
រំលឹកផងដែរថា ក្រុមហ៊ុន Nokia បានដាក់ផែនការកាលពីឆ្នាំមុន ដើម្បីកាត់បន្ថយការងាររហូតដល់ ១៤ ០០០ នាក់ ដើម្បីកាត់បន្ថយការចំណាយ និងសន្សំទឹកប្រាក់ឲ្យបានចន្លោះពី ៨០០លានអឺរ៉ូ ទៅ ១,២ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៦។
ប្រទេសចិន ធ្លាប់ជាទីផ្សារធំបំផុតទីពីរសម្រាប់ Nokia។ ប៉ុន្តែបន្ទាប់ពីប្រទេសលោកខាងលិច បានចាប់ផ្តើមហាមឃាត់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ២០១៩ មក កិច្ចសន្យាពីប្រតិបត្តិករទូរគមនាគមន៍ចិន សម្រាប់ក្រុមហ៊ុន Nokia ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
ជម្រាបជូនផងដែរថា Nokia នៅតែមានការិយាល័យជាច្រើននៅទីក្រុងប៉េកាំង សៀងហៃ រួមទាំងនៅទីក្រុងហុងកុង និងតៃវ៉ាន់ ខណ:នៅទីនោះពួកគេផ្តល់សេវាកម្មទូរទមនាគមន៍ជូនដល់អតិថិជនធំៗ ដូចជាក្រុមហ៊ុន China Mobile ជាដើម៕