វៀតណាម ថាគម្រោងផ្លូវដែកតភ្ជាប់ជាមួយចិន អាចនឹងត្រូវចំណាយអស់ជាង ៧ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា គម្រោងសាងសង់ផ្លូវដែកថ្មីមួយ ដែលតភ្ជាប់រវាងប្រទេសវៀតណាម ជាមួយខេត្តយូណាន ប្រទេសចិន អាចនឹងត្រូវចំណាយទឹកប្រាក់អស់ ១៧៩ទ្រីលានដុង ឬស្មើនឹងប្រមាណ ៧,២ពាន់លានដុល្លារ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងផ្លូវរថភ្លើងដែលមានប្រវែងសរុប ៤២៧ គីឡូម៉ែត្រ នឹងត្រូវតភ្ជាប់ពីខេត្តជាប់ព្រំដែនប្រទេសឡាវ Cai បន្តឆ្លងកាត់រដ្ឋធានីហាណូយ និងទីក្រុងកំពង់ផែ Haiphong ឆ្ពោះទៅកាន់ទីក្រុង Ha Long ។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌រដ្ឋ Vietnam News Agency ។

គួរឲ្យដឹងផងដែរថា អាជ្ញាធរ​ផ្លូវដែក​វៀតណាម​ បាន​បញ្ជូន​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង Lao Cai-Ha Long នេះ ទៅ​ក្រសួង​ដឹកជញ្ជូន​រួចរាល់ហើយ ដើម្បី​ពិនិត្យ​មើល និង​រង់ចាំការអនុម័ត។

ការសាងសង់ផ្លូវដែកនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០៣០ ដោយវានឹងជួយបន្ថែមតម្រូវការដឹកជញ្ជូនយ៉ាងសំខាន់របស់វៀតណាម ខណ:ផ្លូវដែកថ្មីនេះ ត្រូវបានប៉ាន់ប្រមាណថានឹងអាចដឹកជញ្ជូនអ្នកដំណើរ ៨,៣ លាននាក់ និងទំនិញ ១៧,៥ លានតោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។

ជម្រាបជូនផងដែរថា ក្រៅតែពីគម្រោងផ្លូវដែកថ្មីនេះ រដ្ឋសភាវៀតណាម ក៏ត្រូវបានគេរំពឹងថានឹងអនុម័តផែនការតម្លៃ ៦៧ពាន់លានដុល្លារ ផ្សេងទៀត ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១ ៥៤១ គីឡូម៉ែត្រ ពីទីក្រុងហាណូយ ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេស ផងដែរ៕