គណបក្សភឿថៃ កំពុងប្រឈមមុខនឹងការរំលាយចោល ជុំវិញឥទ្ធិពលរបស់លោក ថាក់ស៊ីន

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានរាយការណ៍កាលពីចុងសប្តាហ៍មុនថា គណ:កម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នឹងបើកការស៊ើបអង្កេតលើគណបក្សភឿថៃ ដែលបច្ចុប្បន្នកំពុងកាន់អំណាច រហូតអាចឈានដល់ការរំលាយចោល ផងដែរ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានបង្កើតគណៈកម្មាធិការថ្មីមួយ ដើម្បីពិនិត្យលើពាក្យបណ្តឹងប្រឆាំងនឹងគណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀត ពីបទអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានឥទ្ធិពលលើ ឬដឹកនាំសកម្មភាពបក្ស ជាដើម។

គួរឲ្យដឹងថា ការស៊ើបអង្កេតលើគណបក្សភឿថៃនេះ បានកើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីបក្សឆ្ពោះទៅមុខ ជាអតីតគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ត្រូវបានរំលាយចោល ដោយដីការបស់តុលាការ កាលពីខែសីហា ក្រោយមានការស៊ើបអង្កេតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត។

លោក ថាក់ស៊ីន បាន​ត្រឡប់​មកកាន់ប្រទេស​ថៃ​វិញ​ កាល​ពី​ឆ្នាំ​មុន​ ​បន្ទាប់​ពី​និរទេស​ខ្លួន​ឯង​អស់ ១៥ ឆ្នាំ ហើយនៅចំថ្ងៃតែ​មួយ​ដែល​សម្ពន្ធមិត្ត​នយោបាយ​របស់​លោក​ គឺ​លោក Srettha Thavisin បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។

ប៉ុន្តែកាល​ពី​ខែ​សីហាកន្លងទៅ កូន​ស្រី​របស់​លោក​ថាក់ស៊ីន គឺ​លោកស្រី Paetongtarn Shinawatra វ័យ ៣៨​ឆ្នាំ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រីថ្មី បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញសម្រេច​ដក​លោក Srettha ចេញពី​តំណែង។

ជម្រាបជូនថា តាម​ច្បាប់​របស់ប្រទេសថៃ ភាគី​បក្សទាំងអស់មិន​អាច​ទទួល​ឥទ្ធិពល​ពី​អ្នក​ក្រៅ​បាន​នោះទេ ហើយប្រសិន​បើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​ខុស នោះបណ្តឹង​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ធម្មនុញ្ញ​ដើម្បី​ពិចារណារំលាយបក្សនោះចោល៕