មហាសេដ្ឋី Elon Musk ​សន្យា​ផ្តល់លុយ ១លានដុលារ​ រាល់ថ្ងៃរហូតដល់ថ្ងៃបោះឆ្នោត ដើម្បីគាំទ្រលោក ត្រាំ

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk បានសន្យាថា លោកនឹងផ្តល់ទឹកប្រាក់ចំនួន ១លានដុល្លារ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីនៅក្នុងខែវិច្ឆិកា ទៅកាន់នរណាម្នាក់ដែលចុះហត្ថលេខាលើញ្ញត្តិតាមអ៊ីនធើណិតរបស់ខ្លួន ដែលគាំទ្រលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Telegraph។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ លោក Musk ក៏បានធ្វើតាមការសន្យារបស់ខ្លួនផងដែរ ដោយបានផ្តល់មូលប្បទានប័ត្រតម្លៃ ១លានដុល្លារ ដល់អ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំ នៅរដ្ឋ Pennsylvania កាលពីថ្ងៃទី១៩ ខែតុលា ដើម្បីគាំទ្របេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ។ ដោយអ្នកឈ្នះម្នាក់នោះ គឺបានទៅលើបុរសម្នាក់មានឈ្មោះថា John Dreher។ នេះបើតាមការឲ្យដឹងពីបុគ្កលិកនៅក្នុងព្រឹត្តិការណ៍នោះ។

គួរឲ្យដឹងផងដែរថា នេះគឺជាឧទាហរណ៍​ចុងក្រោយបង្អស់របស់លោក Musk ដែលបានប្រើប្រាស់ទ្រព្យសម្បត្តិដ៏ច្រើនលើសលុបរបស់ខ្លួន ដើម្បីជះឥទ្ធិពលលើការប្រកួតប្រជែងតំណែងប្រធានាធិបតី រវាងលោក ត្រាំ និងលោកស្រី Kamala Harris ដែលជាគូប្រជែងដ៏ធំមកពីគណបក្សប្រជាធិបតេយ្យ។

ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានបង្កើត American PAC ដែលជាអង្គការសកម្មភាពនយោបាយមួយ ធ្វើឡើងដើម្បីគាំទ្រដល់យុទ្ធនាការរបស់អតីតប្រធានាធិបតី លោក ត្រាំ។ ក្រុម​នេះ​កំពុង​ជួយ​ប្រមូល​និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ នៅ​ក្នុង​រដ្ឋ​សមរភូមិ ប៉ុន្តែ​មាន​សញ្ញា​មួយចំនួនបង្ហាញថា​អង្គការនេះ កំពុង​ជួប​បញ្ហា​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ខ្លួន។

ការប្រមូលផ្តុំនៅ Harrisburg គឺជាព្រឹត្តិការណ៍ទីបីហើយ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ដែលធ្វើឡើងក្នុងរដ្ឋ Pennsylvania និងជាកន្លែងដែលលោក Musk កំពុងអំពាវនាវឲ្យគាំទ្របោះឆ្នោតឲ្យបានឆាប់ និងលើកទឹកចិត្តឲ្យអ្នកដទៃទៀតចូលរួម ផងដែរ។

ជម្រាបជូនថា លោក Musk ដែលត្រូវបានទស្សនាវដ្ឋី Forbes ចាត់ថ្នាក់ថាជាអ្នកមានដាច់គេលើពិភពលោក គិតដល់ពេលនេះបានផ្តល់ទឹកប្រាក់សរុបប្រមាណ ៧៥លានដុល្លារ ដល់អង្គការ PAC ដើម្បីជាជំរុញដ៏សំខាន់មួយ ក្នុងការជួយជ្រោមជ្រែង លោក ត្រាំ ទទួលតំណែងនៅក្នុងសេតវិមានឡើងវិញ៕