សេដ្ឋកិច្ចអាល្លឺម៉ង់ កំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មាន រយ:ពេល ២០ឆ្នាំចុងក្រោយ

អន្តរជាតិ

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បាននិយាយនៅក្នុងខែនេះថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសខ្លួន កំពុងឆ្ពោះទៅរកការធ្លាក់ចុះរយ:ពេលពីរឆ្នាំជាប់ៗគ្នា ជាលើកដំបូង ក្នុងរយ:ពេល ២០ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីឆ្នាំមុន សេដ្ឋកិច្ចអាល្លឺម៉ង់ មានកំណើនត្រឹម ០,៣% ខណៈឆ្នាំនេះ មានការព្យាករថានឹងកើនត្រឹម ០,២% ប៉ុណ្ណោះ ដោយសារតែការនាំចេញធ្លាក់ចុះ និង តម្លៃថាមពលកើនឡើងខ្លាំង។

មិនតែប៉ុណ្ណោះ យោងតាមកាសែតអង់គ្លេស The Economist បាននិយាយទៀតថា អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ មក ហាក់មានកំណើនតិចតួចខ្លាំង បើធៀបទៅនឹងបណ្តាប្រទេសអ្នកមានក្នុងតំបន់ផ្សេងទៀត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានកែសម្រួលការព្យាករផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៤ របស់ខ្លួន ពីការកើនឡើង ០,៣% មកត្រឹម ០,២% ប៉ុណ្ណោះ ស្របតាមមតិរបស់អ្នកជំនាញ ខណ:ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ ទំនងជានឹងថយក្រោយ រយៈ​ពេលពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពីការធ្លាក់ចុះ ០,៣% កាលពីឆ្នាំមុន។

គួរឲ្យដឹងថា ពេលវេលាចុងក្រោយ ដែលសេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះរយៈពេល២ឆ្នាំជាប់គ្នា គឺស្ថិតនៅឆ្នាំ​២០០២ និង២០០៣ នៅពេលដែលរដ្ឋាភិបាល បានអនុវត្តកំណែទម្រង់សុខុមាលភាព សង្គម ជាបន្តបន្ទាប់។

ជុំវិញនៃមូលហេតុនៃការធ្លាក់ចុះនេះ The Economist បានរាយការណ៍ទៀតថា ផលិតកម្មក្នុងស្រុកច្រើន បានរងទុក្ខក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឧស្សាហកម្មដែលប្រើថាមពលដូចជា គីមី លោហធាតុ និងការផលិតក្រដាស ត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ។

លោក Robert Habeck សង្កត់ធ្ងន់ថា ពាក់កណ្តាលនៃកំណើនរបស់អាល្លឺម៉ង់ តែងតែ បានមកពីការនាំចេញ ហើយប្រសិនបើអ្នកក្រឡេកមើលអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក បច្ចុប្បន្ន អ្នកត្រូវតែនិយាយថាសសរស្តម្ភនេះ កំពុងរងការវាយប្រហារហើយ។ រដ្ឋាភិបាល រំពឹងថា ការនាំចេញរបស់ខ្លួននឹងធ្លាក់ចុះ ០,១% ទៀតនៅឆ្នាំនេះ ក្នុងបរិបទដែលចិនបន្ត យុទ្ធ​សាស្រ្តបង្កើនការនាំចេញរបស់ខ្លួនកាន់ខ្លាំង។

ជុំវិញបញ្ហានេះ ប្រមុខក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ លើកឡើងថា រដ្ឋាភិបាលបានដោះស្រាយបញ្ហាក្នុងស្រុកជាច្រើន ដូចជាការធានាការផ្គត់ផ្គង់ថាមពល ការពន្លឿននីតិវិធីរដ្ឋបាល និងការព្យា​យាមដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញ ផងដែរ៕