Boeing ចុះកិច្ចព្រមព្រៀងលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ

អន្តរជាតិ

ក្រុមហ៊ុន Boeing បានប្រកាសពីផែនការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Digital Receiver Technology (DRT) របស់ខ្លួនទៅឲ្យ Thales Defense & Security ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Thales Group គ្រប់គ្រងជំនួសវិញ ក្នុងតម្លៃដែលមិនត្រូវបានបង្ហាញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់នេះបានកើតឡើងនៅពេលដែលក្រុមហ៊ុន Boeing កំពុងស្វែងរកការសម្រួលលើប្រតិបត្តិការ និងផ្តោតលើអាជីវកម្មស្នូល ដូចជាការផលិតយន្តហោះពាណិជ្ជកម្ម និងកិច្ចសន្យាលើវិស័យការពារជាតិសំខាន់ៗ ជំនួសវិញ។

ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ចំពេលកំពុងមានបញ្ហាប្រឈមនាពេលថ្មីៗនេះ រួមទាំងវិវាទការងារ កង្វល់សុវត្ថិភាព និងការពន្យារពេលផលិតកម្ម ជាដើម។

រំលឹកផងដែរថា ក្រុមហ៊ុន Boeing បានទិញយក Thales Defense & Security ដំបូងក្នុងឆ្នាំ២០០៨ ដែលជាក្រុមហ៊ុនមានឯកទេសខ្លាំង ក្នុងផលិតផលឧបករណ៍ឃ្លាំមើល និងចាប់យកសញ្ញា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ក្រសួងការពារជាតិ និងនាយកដ្ឋានសន្តិសុខមាតុភូមិ ដើម្បីប្រមូលផ្តុំសញ្ញាស៊ើបការណ៍ និងតាមដានការគំរាមកំហែងដែលអាចកើតមាន។

ជម្រាបជូនថា ក្រុមហ៊ុន Boeing បានប្រកាសពីការខាតបង់ដល់ទៅ ២៥ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៨ មក ខណ:នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន លោក Kelly Ortberg បានប្រកាសកាត់បន្ថយបុគ្គលិកអស់ជាង ៣ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា។ ជុំវិញការបញ្ឈប់ពីការងារនេះ ត្រូវគេព្យាករថាបានធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារក្នុងមួយខែ៕