កម្ពុជា នឹងនាំចូលថាមពលស្អាតពីប្រទេសឡាវ វៀតណាម និងថៃ បន្ថែមទៀត ក្នុងពេលពីរឆ្នាំខាងមុខ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ កាលពីពេលថ្មីៗនេះ បាននិយាយថា កម្ពុជាគ្រោងនឹងនាំចូលថាមពលស្អាតជាង ៦០០ មេហ្គាវ៉ាត់ (MW) ពីប្រទេសជិតខាង ដូចជាឡាវ វៀតណាម និងថៃ បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនាំចូលតាមកិច្ចសន្យារបស់ខ្លួនឲ្យបានជាង ៥០%។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោកបានឲ្យដឹងទៀតថា ប្រទេសកម្ពុជា នឹងនាំចូលថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនី ៣០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ចាប់ពីឆ្នាំ២០២៦ ទៅ ខណ:បច្ចុប្បន្ន កម្ពុជាក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអនុម័តលើកិច្ចព្រមព្រៀងនាំចូលអគ្គិសនីជិតពីរដងជាមួយប្រទេសវៀតណាម ហើយក៏អាចនាំចូលថាមពល ១០០ មេហ្គាវ៉ាត់បន្ថែមទៀត ពីប្រទេសថៃ ផងដែរ។

មិនតែប៉ុណ្ណោះ​ លោក កែវ រតនៈ បាននិយាយក្នុងបទសម្ភាសមួយនៅឯ​វេទិកា​ថាមពលអន្តរជាតិសិង្ហបុរី (SIEW) ថា៖ “យើងទើបតែបានចុះហត្ថលេខាកាលពីសប្តាហ៍មុន សម្រាប់ការនាំចូលអគ្គិសនីជាង ៣០០ មេហ្គាវ៉ាត់ រួមបញ្ចូលគ្នានូវថាមពលពីវារីអគ្គិសនី និងសូឡា ជាមួយប្រទេសឡាវ។ ដូច្នេះវានឹងមកដល់ប្រទេសកម្ពុជា នៅឆ្នាំ២០២៦” ។

បច្ចុប្បន្នកម្ពុជាមានកិច្ចសន្យានាំចូលថាមពលចំនួន ១ ០៣០ MW ពីប្រទេសថៃ វៀតណាម និងឡាវ ដែលស្មើនឹងជិតមួយភាគបួននៃសមត្ថភាពសរុបដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសកម្ពុជាទាំងមូល។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ លោក កែវ រតនៈ បានបន្ថែមឲ្យដឹងទៀតថា លោករំពឹងថានឹងអាចចុះកិច្ចសន្យានាំចូលអគ្គិសនីបន្ថែម ២០០ MW ពីប្រទេសវៀតណាម ហើយក៏បានបន្តនាំចូលលើសពី ១០០ MW ពីប្រទេសថៃ ផងដែរ។

ជម្រាបជូនថា ប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្យាយាមអស់ជាច្រើនទស្សវត្សមកហើយ ដើម្បីបង្កើតបណ្តាញតភ្ជាប់ក្នុងតំបន់ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មថាមពលពហុភាគី ប៉ុន្តែវឌ្ឍនភាពត្រូវបានកំណត់ចំពោះកិច្ចព្រមព្រៀងទ្វេភាគី៕