យោងតាមកាសែតក្នុងស្រុក Vedomosti បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា ការទិញទូរស័ព្ទ iPhone របស់រដ្ឋាភិបាលរុស្ស៊ី គិតចាប់ពីខែមករា ដល់ខែកញ្ញា គឺបានកើនឡើងខ្ពស់ជាង ៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ បើទោះជាមន្ត្រីមួយចំនួន ត្រូវបានហាមឃាត់មិនឲ្យប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ក៏ដោយ។
សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) បាននិយាយនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ថា ខ្លួនបានរកឃើញប្រតិបត្តិការចារកម្មរបស់អាមេរិក នៅក្នុងផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ រហូតឈានដល់ការបំផ្លាញទូរស័ព្ទ iPhone រាប់ពាន់គ្រឿង។
ទន្ទឹមនឹងនេះ កាសែត Kommersant កាលពីឆ្នាំមុន ក៏បានរាយការណ៍ផងដែរថា វិមានក្រឹមឡាំង បានប្រាប់មន្ត្រីពាក់ព័ន្ធរបស់ខ្លួនដែលត្រៀមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ ឲ្យឈប់ប្រើប្រាស់ iPhone ដោយសារតែបារម្ភថាឧបករណ៍ទាំងនោះ ងាយនឹងបង្ករជាហានិភ័យសម្រាប់ផ្តល់ការសំងាត់ដល់ប្រទេសលោកខាងលិច។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា តម្លៃនៃកិច្ចសន្យាដែលពាក់ព័ន្ធនឹងទូរស័ព្ទ iPhones សម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះ មានចំនួនដល់ ៦,៩លានរូបល (ប្រមាណជាង ៧ម៉ឺនដុល្លារ) ពោលគឺកើនឡើងពី ១,៦លានរូបល ពីឆ្នាំមុន។
យ៉ាងណាមិញ សម្រាប់ទូរស័ព្ទ iPhone 16 ដែលជាជំនាន់ចុងក្រោយបំផុតរបស់ Apple ត្រូវបានគេដឹងថា នៅតែបន្តដាក់លក់ និងមានតម្រូវការខ្ពស់ នៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាក្រុមហ៊ុន Apple បានបញ្ឈប់ការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសនេះ ជុំវិញជម្លោះនៅអ៊ុយក្រែនក៏ដោយ៕