មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា បំណុលដែលជំពាក់ដោយរដ្ឋាភិបាលនានាជុំវិញពិភពលោក អាចនឹងកើនឡើងលើសពី ១០០ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៤ នេះ ហើយវានឹងក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
IMF បាននិយាយទៀតថាបំណុលសាធារណៈទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងឈានដល់ ៩៣% នៃផលិតផលក្នុងស្រុកសរុបពិភពលោក នៅឆ្នាំ២០២៤ ហើយអាចបន្តកើនឡើងដល់ ១០០% តែម្តង នៅចុងទសវត្សនេះ។
ទន្ទឹមនឹងនេះ អ្នកឃ្លាំមើលហិរញ្ញវត្ថុពិភពលោក បានសរសេរនៅក្នុងរបាយការណ៍ចុងក្រោយមួយនៃការត្រួតពិនិត្យសារពើពន្ធពាក់កណ្តាលឆ្នាំរបស់ខ្លួនថា ៖”ការបង្កើនបំណុលប្រកបដោយនិរន្តរភាព អាចបង្កើនប្រូបាប៊ីលីតេ (Probability) នៃវិបត្តិបំណុល ឬវិបត្តិហិរញ្ញវត្ថុកាន់តែទូលំទូលាយ” ។
មិនតែប៉ុណ្ណោះ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលបានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី២១ ខែតុលា បានលើកឡើងរួចហើយអំពីបញ្ហាសំខាន់ៗដែលខ្លួនសង្ឃឹមថា នឹងបញ្ចេញការព្យាករសេដ្ឋកិច្ចពិភពលោក នៅត្រឹមប៉ុន្មានថ្ងៃខាងមុខ។
ស្ថាប័នហិរញ្ញវត្ថុដ៏ធំនេះ ក៏បានចេញមុខព្រមានផងដែរថា បំណុលសាធារណៈរបស់ពិភពលោកទាំងមូល នឹងកើនឡើងរហូតដល់១០០ទ្រីលានដុល្លារអាមេរិក នៅត្រឹមចុងឆ្នាំ២០២៤ នេះ ដែលភាគច្រើនដោយសារតែការកើនឡើងបំណុលរបស់មហាយក្សចិន និងសហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ IMF ប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក បណ្តាប្រទេសនានា នឹងត្រូវរឹតបន្តឹងគោលនយោបាយសារពើពន្ធ ឬអាចនិយាយម្យ៉ាងទៀតថាជាការដំឡើងពន្ធ ឬកាត់បន្ថយការចំណាយ ពី ៣% ទៅ ៤,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដើម្បីមានឱកាសល្អក្នុងការគ្រប់គ្រងស្ថិរភាពសមាមាត្របំណុលរបស់ពួកគេ៕