លោក Tim Coook នាយកប្រតិបត្តិក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងប្រទេសចិន ជាលើកទីពីរនៅក្នុងឆ្នាំនេះ ខណ:ពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ព្យាយាមស្វែងរកការជំរុញឡើងវិញ ក្រោយការលក់ធ្លាក់ចុះខ្លាំង នៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ចិន ប៉ុន្តែទោះជាយ៉ាងក៏ដោយពួកគេហាក់កំពុងជួបប្រទះការប្រកួតប្រជែងកាន់តែខ្លាំង ពីសំណាក់ក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុក នៅរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែប្រទេសក្នុងតំបន់អាស៊ីនេះ បានប្រឈមមុខទៅនឹងកំណើនសេដ្ឋកិច្ចយឺត និងការប្រើប្រាស់ធ្លាក់ចុះ។
យ៉ាងណាមិញ នៅក្នុងប្រទេសចិន លោក Tim Cook ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្រ្តជាច្រើន នៅក្នុងទីក្រុងប៉េកាំង និងថែមទាំងបានជួបសម្ភាសជាមួយនិស្សិតសាកលវិទ្យាល័យចិន ដែលប្រើប្រាស់ផលិតផល Apple ដើម្បីអនុវត្តកម្មវិធីសិក្សារបស់ពួកគេ ថែមទៀតផង។
គួរឲ្យដឹងថា ក្រុមហ៊ុន Apple បានរាយការណ៍ពីប្រាក់ចំណេញ ២១,៤ពាន់លានដុល្លារ ក្នុងត្រីមាសរយៈពេល ៣ខែដែលត្រូវបានបញ្ចប់កាលពីខែមិថុនា ពោលគឺបានកើនឡើង ៥% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែទោះជាយ៉ាងណា ការលក់របស់ក្រុមហ៊ុនផលិត iPhone នៅក្នុងប្រទេសចិន បានរងសម្ពាធពីដៃគូប្រកួតប្រជែងក្នុងស្រុកដូចជា Huawei ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដោយឡែក បើយោងតាមទិន្នន័យពី Canalys ដែលជាក្រុមហ៊ុនវិភាគទីផ្សារ បានបង្ហាឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី២ Apple បានធ្លាក់មកចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេ នៅប្រទេសចិន ខណ:កាលពីឆ្នាំមុន ពួកគេឈរនៅតំណែងលេខ៣។
ជម្រាបជូនផងដែរថា លោក Tim Cook បានទៅប្រទេសចិនលើកចុងក្រោយ កាលពីខែមីនា នៅពេលដែលលោកបានទៅចូលរួមបើកសម្ពោធហាង Apple ថ្មី នៅទីក្រុងសៀងហៃ ហើយក៏បានចូលរួមវេទិកាធំមួយក្នុងទីក្រុងប៉េកាំង ជាមួយនឹងនាយកប្រតិបត្តិកំពូលផ្សេងទៀត ផងដែរ៕