មហាសេដ្ឋី Jensen Huang នឹងធ្វើដំណើរមកទីក្រុងបាងកក ខណ: Nvidia គ្រោងវិនិយោគក្នុងប្រទេសថៃ

អន្តរជាតិ

Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកំពូលលំដាប់ពិភពលោក កំពុងសម្លឹងរកមើលឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសថៃ ខណ:ពេលដែលលោក Jensen Huang ដែលជានាយកប្រតិបត្តិរបស់ខ្លួន គ្រោងធ្វើដំណើរមកទីក្រុងបាងកក នៅក្នុងខែធ្នូខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានបង្ហាញឲ្យដឹងថា Nvidia ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការរចនាបន្ទះឈីប Processor គ្រោងនឹងមកវិនិយោគនៅក្នុងប្រទេសថៃ ដោយដើរតាមគន្លងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀត ដូចជា Amazon, Google និង Microsoft ដែលធ្លាប់បានបណ្តាក់ទុនក្នុងវិស័យដូចគ្នានេះ នៅប្រទេសថៃ ផងដែរ។

ទន្ទឹមនឹងនេះ លោក Jensen Huang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ក៏នឹងធ្វើដំណើរទស្សនកិច្ចមកកាន់នៅទីក្រុងបាងកក ក្នុងខែធ្នូខាងមុខនេះផងដែរ ខណ:ពេលដែលព័ត៌មានលម្អិតនៃផែនការវិនិយោគផ្លូវការ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាស នៅពេលក្រោយ។

យ៉ាងណាក៏ដោយ ភាពជាក់លាក់ទាក់ទងនឹងចំនួននៃការវិនិយោគ និងផែនការប្រតិបត្តិការរបស់ក្រុមហ៊ុន Nvidia នេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយរំពឹងទុកថានឹងត្រូវបញ្ជាក់កាន់តែច្បាស់ ក្នុងរយៈពេលពីរខែខាងមុខ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគរបស់ Nvidia អាចលើកទឹកចិត្តដល់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេង នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកបន្ទះឈីបនេះ ឲ្យពិចារណាមកធ្វើការវិនិយោគ នៅក្នុងប្រទេសថៃបន្ថែមទៀត៕