Ambuja Cements Ltd. ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Adani Group បានយល់ព្រមទិញយកក្រុមហ៊ុន Orient Cement Ltd. នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៨១ពាន់លានរូពី ឬស្មើប្រមាណ ៩៦៣លានដុល្លារអាមេរិក។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន Reuters។
តាមរយ:កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីមានបំផុតទីពីរនៅអាស៊ី លោក Gautam Adani កាន់កាប់ភាគហ៊ុនសរុបជាង ៤៦% នៅក្នុងក្រុមហ៊ុន Orient Cement ដែលជាផ្នែកមួយនៃក្រុមហ៊ុនមេ CK Birla Group នេះ។
គួរឲ្យដឹងថា តាមរយ:ការទិញយកចុងក្រោយនេះ បានបន្ថែមសមត្ថភាពផលិតស៊ីម៉ងត៍ប្រចាំឆ្នាំដល់ ១៦,៦លានតោន សម្រាប់ក្រុមហ៊ុន Adani Group ចំពេលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាមួយក្រុមហ៊ុន UltraTech Cement ដែលដឹកនាំដោយមហាសេដ្ឋី Kumar Mangalam Birla ក្នុងការដណ្តើមយកតំណែងជាស្តេចត្រាញ់ស៊ីម៉ងត៍ នៅឥណ្ឌា ។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនៅក្នុងក្រុមហ៊ុនផលិតស៊ីម៉ងត៍ ក្នុងស្រុកច្រើនជាងពាក់កណ្តាល ត្រូវបានកាន់កាប់ដោយ Adani Group និង UltraTech ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ក្នុងខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Ambuja បានប្រកាសទិញយក Penna Cement ក្នុងតម្លៃ ១,២៥ពាន់លានដុល្លារ ស្របពេល UltraTech ក៏បានចរចាទិញយកក្រុមហ៊ុន India Cement ក្នុងជិត ៥០០លានដុល្លារ ផងដែរ៕