ប្រទេសអង់គ្លេស កាលពីដើមសប្តាហ៍នេះ បានប្រកាសថាខ្លួននឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ក្នុងចំនួនជិត ៣ពាន់លានដុល្លារ ដើម្បីប្រើប្រាស់លើសព្វាវុធ និងជំនួយដែលចាំបាច់ផ្សេងៗ ដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន UPI។
ទ្រព្យសម្បត្តិរបស់រុស្ស៊ីសរុបចំនួន ២,៩៤ពាន់លានដុល្លារ ដែលត្រូវបានបង្កកដោយការទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស នឹងត្រូវប្រើប្រាស់ជាផ្នែកមួយនៃផែនការរបស់ក្រុមប្រទេស G7 ក្នុងគោលបំណងផ្តល់កម្ចីដល់អ៊ុយក្រែន ដែលពួកគេអាចយកវាទៅប្រើប្រាស់សម្រាប់តម្រូវការផ្នែកយោធា ឬកសាងប្រទេសឡើងវិញ។
គួរឲ្យដឹងផងដែរថា ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងអំឡុងពេលអធិការបតីអង់គ្លេស លោកស្រី Rachel Reeves និងរដ្ឋមន្ត្រីការពារជាតិ លោក John Healey បានធ្វើដំណើរទៅបំពេញទស្សនកិច្ចកន្លែងហ្វឹកហាត់របស់ទាហានអ៊ុយក្រែន នៅក្នុងប្រទេសអង់គ្លេស។
មេដឹកនាំនៃបណ្តាប្រទេស G7 ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធសឹងតែបានប្រកាសពីការផ្តល់ប្រាក់កម្ចី ទៅកាន់ប្រទេសអ៊ុយក្រែន ដូចគ្នា កាលពីក្នុងខែមិថុនា ជាមួយនឹងគោលដៅឲ្យឡើងដល់ចំនួន ៥០ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំនេះ។
ជម្រាបជូនថា គ្រោងការណ៍នេះ នឹងត្រូវទាញយកប្រាក់ចំណូល ពីទ្រព្យសម្បត្តិដែលត្រូវបានបង្កកដោយការដាក់ទណ្ឌកម្មរាប់ម៉ឺន ដែលផ្តោតលើប្រទេសរុស្ស៊ី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមនៅក្នុងសង្គ្រាមឈ្លានពានទៅលើអ៊ុយក្រែន៕