បញ្ហាអាកាសធាតុដ៏អាក្រក់ដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រទេសចិន ខាតបង់សេដ្ឋកិច្ចជាតិដល់ទៅជាង ៣០ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។
ប្រទេសមហាសេដ្ឋីសេដ្ឋកិច្ចទី២ របស់ពិភពលោក បានប្រឈមមុខទៅនឹងខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លា និងគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងកំឡុងខែកក្កដា និងខែកញ្ញា ដែលនាំឲ្យមានការខូតខាតសរុបចំនួន ២៣០ពាន់លានយ៉ន់ ឬស្មើប្រមាណ ៣២,៣ពាន់លានដុល្លារ។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរយៈពេល ៩ខែចេញផ្សាយដោយក្រសួងគ្រប់គ្រងគ្រាអាសន្នចិន។
យ៉ាងណាមិញ ជុំវិញការកើនឡើងនៃការបាត់បង់ដ៏ច្រើនបែបនេះ ហាក់កំពុងបញ្ជាក់ពីភាពងាយរងគ្រោះកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ទាក់ទៅងទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យសីតុណ្ហភាពឡើងកំដៅខ្លាំងដែលនាំឲ្យមានឥទ្ធិពលនៃព្យុះ និងភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់។
គួរឲ្យដឹងថា នៅក្នុងខែកញ្ញា ទីក្រុងសៀងហៃ ដែលជចាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសចិន ត្រូវបានប្រកាសអាសន្ន ដោយសារព្យុះទីហ្វុង Bebinca ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលខ្លាំងបំផុត បានវាយប្រហារមកលើទីក្រុងនេះដោយផ្ទាល់ ក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយ។
ក្រោយមក ព្យុះទីហ្វុង Yagi ដែលជាព្យុះទីហ្វុងខ្លាំងបំផុតក្នុងកំណត់ត្រា បានបោកបក់ចូលទីក្រុង Hainan ក្នុងខែដដែលនោះ នឹងបានធ្វើឲ្យមានការកាត់ផ្តាច់ថាមពលដល់ផ្ទះជិត ១លានគ្រួសារ នៅក្នុងខេត្តនេះ។
សរុបមក ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុងត្រីមាសដំបូងរបស់ប្រទេសចិន មានចំនួនសរុបដល់ទៅជាង ៣២៣ពាន់លានយ៉ន់ ដែលខ្ពស់ជាងចំនួន ៣០៨ពាន់លានយ៉ន់ ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន។នេះបើយោងតាមទិន្នន័យរបស់ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន៕