ប្រធាននិយតករថាមពលរបស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ទី២៣ ខែតុលាថា ប្រទេសរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់អាជ្ញាប័ណ្ណនាំចូលដែលមានរយៈពេល ៣០ឆ្នាំ សម្រាប់ក្រុមហ៊ុនណាដែលបោះទុនវិនិយោគទឹករាប់ពាន់លានដុល្លារ នៅក្នុងគម្រោងអគ្គិសនីកម្រិតកាបូនទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ប្រទេសដីកោះនេះ មានគោលបំណងក្នុងការនាំចូលអគ្គិសនីកម្រិតកាបូនទាប ចំនួន ៦ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៣៥ បន្ទាប់ពីបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌ សម្រាប់គម្រោងធំៗចំនួន១០ នៅក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម។
ទន្ទឹមនឹងនេះ លោក Puah Kok Keong នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល បាននិយាយក្នុងអំឡុងវេទិកាសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរីថា វាអាចនឹងចំណាយទឹកប្រាក់ដល់រាប់ពាន់លានដុល្លារ ក្នុងការនាំចូលថាមពលស្អាត ដើម្បីផ្គត់ផ្គង់អគ្គិសនីតាមតម្រូវការ។ ហើយការតភ្ជាប់បណ្តាញថាមពលរវាងសិង្ហបុរី ជាមួយប្រទេសផ្សេងទៀត ក៏នឹងត្រូវចំណាយប្រាក់ច្រើនផងដែរ។
លើសពីនេះ លោក Puah បានសង្ក់ងធ្ងន់ថា ភាគីសិង្ហបុរី ត្រៀមខ្លួនរួចហើយ ដើម្បីរៀបចំផ្តល់ជូនអាជ្ញាប័ណ្ណនាំចូលរយៈពេលវែងសមរម្យមួយ ដល់ ៣០ឆ្នាំ សម្រាប់ក្រុមហ៊ុនដែលបានវិនិយោគក្នុងគម្រោងនេះ ពីព្រោះយើងយល់ពីការវិនិយោគដែលនឹងត្រូវចំណាយច្រើន និងពេលវេលាដែលត្រូវការ ដើម្បីទាញយកផលចំណេញត្រលប់មកវិញ៕