ប្រទេសសមាជិកអាស៊ានចំនួនបួន ប្រកាសក្លាយជាប្រទេសដៃគូជាមួយក្រុម BRICS

អន្តរជាតិ

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបួនរួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងថៃ បានក្លាយជាប្រទេសដៃគូរបស់ BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសអាស៊ានទាំង៤ នេះ បានចូលរួមជាមួយប្រទេសចំនួន ៩ ផ្សេងទៀត ដែលត្រូវបានប្រកាសថាជាប្រទេសដៃគូថ្មីរបស់ BRICS រួមជាមួយ អាល់ហ្សេរី បេឡារុស្ស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន ក្នុងអំឡុងកិច្ចប្រជុំកំពូលមួយ ដែលរៀបចំធ្វើឡើងនៅទីក្រុង Kazan ប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានបង្ហាញក្តីសង្ឃឹមថា ឥឡូវនេះប្រទេសរបស់ខ្លួន អាចទទួលបានឱកាសពាណិជ្ជកម្មកាន់តែប្រសើរឡើង ខណៈដែលប្លុកសេដ្ឋកិច្ចដ៏ធំនេះ មានប្រជាជនសរុបចំនួនជាង ៣ ពាន់លាននាក់។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី លោក Sugiono ក៏បានប្តេជ្ញាចិត្តថា ខ្លួនជំរុញឲ្យមានសន្តិភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងកិច្ចប្រជុំកំពូលនេះ។

ដោយឡែក ប្រទេសថៃ ដែលតំណាងដោយរដ្ឋមន្ត្រីការបរទេស លោក Maris Sangiamposa ខណ:វៀតណាម តំណាងដោយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដែលបានទៅចូលកិច្ចប្រជុំកំពូលនេះ ក៏បង្ហាញពីការបេ្តជ្ញាចិត្តចូលរួមជាមួយក្រុម BRICS ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បន្ថែមទៀតផងដែរ។

ជម្រាបជូនផងដែរថា ក្រុម BRICS ត្រូវបានបង្កើតឡើងដំបូងក្នុង​ឆ្នាំ២០០៦ ដោយ​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​ចិន។ អាហ្រ្វិកខាងត្បូង បានប្រកាសចូលរួមនៅឆ្នាំ២០១០ ខណៈអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) បានក្លាយជាសមាជិក BRICS ថ្មី នៅឆ្នាំ២០២៤ នេះ។ BRICS តំណាងឲ្យសេដ្ឋកិច្ចសរុបជាង ២៨ទ្រីលានដុល្លារអាមេរិក ឬស្មើប្រហែល ២៨% នៃសេដ្ឋកិច្ចពិភពលោក៕