ការផលិតរថយន្តរបស់ប្រទេសថៃ ធ្លាក់ចុះខ្លាំងដល់ជាង ២៥% នៅក្នុងខែកញ្ញា

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) កាលពីថ្ងៃទី២៤ ខែតុលា បានរាយការណ៍ថា ការផលិតរថយន្តនៅក្នុងប្រទេសរបស់ខ្លួន បានធ្លាក់ចុះ ២៥,៥% នៅក្នុងខែកញ្ញា បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំមុន។ កាលពីនេះការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ជុំវិញការថយចុះនៃទិន្នផលផលិតរថយន្តដ៏ច្រើនបែបនេះ ហាក់កំពុងឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃការលក់ក្នុងស្រុក ខណៈពេលដែលធនគារបន្តរឹតបន្តឹងទៅលើលក្ខខណ្ឌកម្ចីឥណទាន។

ទន្ទឹមនឹងនេះ FTI បាននិយាយថា ប្រាក់កម្ចីមិនដំណើរការសម្រាប់ការទិញរថយន្ត បានឈានដល់ចំនួន ២៥៤ពាន់លានបាត (ប្រហែល ៧,៥ពាន់លានដុល្លារ) នៅក្នុងត្រីមាសទីពីរ នៃឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ២៩,៧% ធៀបទៅនឹងឆ្នាំមុន។

មិនតែប៉ុណ្ណោះ បើយោងតាម លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកយានយន្តរបស់សហព័ន្ធ បានឲ្យដឹងទៀតថា ការលក់រថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣៧,១% មកនៅត្រឹមចំនួន ១១៧ ០០០ គ្រឿងប៉ុណ្ណោះ ក្នុងខែកញ្ញា ខណៈការនាំចេញបានធ្លាក់ចុះ ១០,៨% ក្នុងរយ:ពេលដូចគ្នា ធៀបនឹងឆ្នាំមុន ដោយសារតែបញ្ហាសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាដៃគូពាណិជ្ជកម្ម និង ឥទ្ធិពលនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

ជម្រាបជូនផងដែរថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ៕