សហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀងលក់សព្វាវុធក្នុងតម្លៃ ២ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដោយនោះរួមបញ្ចូលទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ដែលធ្លាប់បានដាក់សាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញកិច្ចព្រមព្រៀងលក់អាវុធនេះ ត្រូវបានធ្វើឡើង ចំពេលប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធាយ៉ាងខ្លាំងប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងការរៀបចំសមយុទ្ធយោធាជាថ្មី នៅជុំវិញដែនកោះនេះ កាលពីសប្តាហ៍មុន ហើយវាក៏ជាសមយុទ្ធយោធាលើកទីពីរផងដែរ ចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ កាលពីខែឧសភា មក។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការលក់កញ្ចប់អាវុធចំនួន ២ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់នេះ រួមទាំងបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃ ១,១៦ពាន់លានដុល្លារ និងប្រព័ន្ធរ៉ាដាដែលមានតម្លៃប្រហែល ៨២៨លានដុល្លារ។
បើតាមមន្ទីរបញ្ចកោណ បានឲ្យដឹងទៀតថា ការលក់អាវុធដែលបានស្នើឡើងនេះ នឹងជួយកែលម្អប្រព័ន្ធសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានស្វាគមន៍ចំពោះការប្រកាសនេះ ដោយជឿជាក់ថាសព្វាវុធទាំងនេះ នឹងជួយដល់សមត្ថភាពការពារដែនអាកាសរបស់កោះតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងសមយុទ្ធយោធាញឹកញាប់ដែលធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
ជម្រាបជូនថា យោធារបស់តៃវ៉ាន់ កំពុងពង្រឹងគ្រឿងសព្វាវុធរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីអាចប្រឈមមុខនឹងការវាយប្រហារណាមួយពីប្រទេសចិន រួមទាំងការសាងសង់នាវាមុជទឹកផ្ទាល់ខ្លួន ដើម្បីការពារដែនសមុទ្រដ៏សំខាន់របស់ពួកគេផងដែរ៕