ប្រជាជនវៀតណាម ចាយលុយ ១ពាន់លានដុល្លារ ក្នុងមួយខែលើការទិញទំនិញអនឡាញ

អន្តរជាតិ

ប្រជាជនវៀតណាម ជាមធ្យមបានទិញទំនិញក្នុងតម្លៃជាង ២៥ទី្រលានដុង ឬប្រមាណ ១ពាន់លានដុល្លារ ក្នុងមួយខែ នៅលើវេទិកាលក់ទំនិញអនឡាញសំខាន់ៗចំនួន៥ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



វេទិកាលក់ទំនិញអនឡាញធំៗ ដូចជា Shopee, TikTok Shop, Lazada, Tiki និង Sendo បានរាយការណ៍ពីការកើនឡើង ៣៨% នៃបរិមាណលក់ទំនិញសរុប ក្នុងអំឡុងពេល ៩ខែឆ្នាំ២០២៤ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានកើនឡើងដល់ប្រហែល ៩ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនផ្តល់ទិន្នន័យពាណិជ្ជកម្មអេឡិចត្រូនិក Metric ។

តាមរយ:តួលេខនេះ បានបង្ហាញឲ្យឃើញថា ប្រទេសវៀតណាម ឥឡូវនេះស្ថិតក្នុងចំណោមទីផ្សារពាណិជ្ជកម្មអនឡាញដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយសារកំណើនប្រជាជនខ្ពស់ និងជំនាន់ពលរដ្ឋវ័យក្មេងដែលចេះប្រើបច្ចេកវិទ្យាច្រើន។

យោងតាមក្រុមហ៊ុន Metric បានបង្ហាញឲ្យដឹងទៀតថា ហាងលក់ទំនិញអនឡាញធំៗទាំង៥ ខាងលើ ភាគច្រើនលក់ផលិតផល នៅក្នុងតម្លៃក្រោម ២សែនដុង ពោលគឺទាបជាងពាក់កណ្តាល ហាងលក់ទំនិញអនឡាញផ្សេងទៀត ដែលនេះហាក់ឆ្លុះបញ្ចាំងពីការទាក់ទាញយ៉ាងខ្លាំងនៃផលិតផលដែលមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់ ដែលបង្ហាញពីនិន្នាការទិញទំនិញឆ្លាតវៃ ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចដែលកំពុងបន្ត។

ក្រុមហ៊ុន Metric បានបង្ហាញការរំពឹងទុកថាវេទិកាលក់ទំនិញអនឡាញទាំងប្រាំ នឹងសម្រេចការលក់បានជាង ៣ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយសារតម្រូវការទំនិញសំខាន់ៗដូចជាគ្រឿងសម្អាង សម្លៀកបំពាក់ និង​សម្ភារ​ប្រើប្រាស់ក្នុងផ្ទះ ជាដើម៕