Apple វិលត្រលប់មកគ្រងតំណែងជាក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង៥ របស់ចិនសារជាថ្មី

អន្តរជាតិ

យោងតាមទិន្នន័យក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថា Apple បានវិលត្រលប់មកក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង៥ របស់ប្រទេសចិនវិញហើយ ក្នុងត្រីមាសទី៣ ឆ្នាំនេះ បន្ទាប់ត្រូវបានជំរុញដោយការចេញលក់ទូរស័ព្ទជំនាន់ចុងក្រោយ iPhone 16 របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានឲ្យដឹងថាក្រុមហ៊ុន Apple បានហក់ឡើងមកឈរនៅចំណាត់ថ្នាក់ទីពីរ នៃម៉ាកយីហោស្មាតហ្វូនកំពូលទាំង៥ ដោយមានចំណែកទីផ្សារក្នុងប្រទេសចិនសរុប ១៥,៦% ក្នុងត្រីមាសទី៣ ខណ: Apple បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង៥ នៅក្នុងប្រទេសចិន កាលពីត្រីមាសមុន។

ទន្ទឹមនឹងនេះ ទិន្នន័យរបស់ IDC បានបង្ហាញទៀតថា Huawei ដែលពីមុនឈរនៅតំណែងលេខ២ បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៣ ​វិញ ជាមួយនឹងចំណែកទីផ្សារសរុប ១៥,៣% ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកមួយនេះ បានកើនឡើងដល់ ៤២% បើធៀបទៅនឹងឆ្នាំមុន។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Vivo នៅតែបន្តឈរនៅលេខរៀងទី១ ជាមួយនឹងចំណែកទីផ្សារក្នុងប្រទេសចិន ១៨,៦% នៅក្នុងត្រីមាសទី៣ ស្របពេលក្រុមហ៊ុន Xiaomi និង Honor ឈរនៅចំណាត់ថ្នាក់លេខ៤ និងលេខ៥ រៀងគ្នា។ នេះបើតាមរបាយការណ៍ពី IDC៕