ធនាគារកណ្តាលរុស្ស៊ី ប្រកាសដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយ:ពេលជាង ២០ឆ្នាំ

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន បានប្រកាសដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់ ២១% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ២១ឆ្នាំ ចាប់តាំងពីការគ្រប់គ្រងប្រទេសដំបូងរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅពេលដែលប្រទេសរុស្ស៊ីកំពុងងើបឡើងវិញពីភាពវឹកវរ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានជំរុញដោយការកើនឡើងដ៏ច្រើននៃការចំណាយរបស់រដ្ឋ ជាពិសេសលើវិស័យយោធា ដែលនាំមកនូវអត្រាការប្រាក់ខ្ពស់ជាងកម្រិត ២០% នៅដែលរដ្ឋាភិបាលរុស្ស៊ី ចាប់ផ្តើមបើកប្រតិបត្តិការយោធាពិសេស នៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ធនាគារកណ្តាល បាននិយាយថាការដំឡើងអត្រាការប្រាក់ខ្ពស់បែបនេះ គឺជារឿងចាំបាច់ដើម្បីទប់ទល់នឹងអតិផរណាដែលបច្ចុប្បន្នឈានដល់ ៨,៤% ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយ គិតចាប់តាំងពីដើមឆ្នាំនេះមក។

មិនតែប៉ុណ្ណោះនិយតកររុស្ស៊ី បាននិយាយថា ការរឹតបន្តឹងបន្ថែមនៃគោលនយោបាយរូបិយវត្ថុ គឺត្រូវបានទាមទារដើម្បីធានាបានថាអតិផរណានឹងត្រឡប់ទៅរកកម្រិតគោលដៅវិញ និងកាត់បន្ថយការរំពឹងទុកនៃការកើនឡើងអតិផរណាបន្ថែមទៀត។

ជម្រាបជូនផងដែរថា ប្រទេសរុស្ស៊ីដែលទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស BRICS គិតមកទល់ពេលនេះ មានអត្រាការប្រាក់គោលខ្ពស់បំផុត ក្នុងចំណោមសមាជិក BRICS ដំបូងផ្សេងទៀត ដែលរួមមានប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង៕