TSMC ផ្អាកការនាំចេញទៅកាន់ប្រទេសចិន ក្រោយរកឃើញបន្ទះឈីបខ្លួនធ្លាក់ដល់ដៃក្រុមហ៊ុន Huawei

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានសម្រេចផ្អាកការនាំចេញបន្ទះឈីបទៅលក់ឲ្យក្រុមហ៊ុន Sophgo ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បន្ទាប់ពីរកឃើញថាផលិតផលបន្ទះឈីបរបស់ខ្លួន ត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធដំណើរការ Huawei AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទះឈីបនាំចូលរបស់ក្រុមហ៊ុន Sophgo ដែលបានបញ្ជាទិញពី TSMC ត្រូវបានរកឃើញប្រើប្រាស់នៅលើ Ascend 910B របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់កម្រិតយ៉ាងតឹងរ៉ឹងបំផុតលើការទិញបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើតាម Reuters បានបង្ហាញឲ្យដឹងទៀតថា គេនៅមិនទាន់អាចកំណត់ច្បាស់ថា តើផលិតផលបន្ទះឈីបរបស់ក្រុមហ៊ុន TSMC អាចធ្លាក់ដល់ដៃ Huawei ដោយរបៀបណានៅឡើយនោះទេ។

ជុំវិញបញ្ហានេះ ទាំងខាងក្រុមហ៊ុន Sophgo និងក្រុមហ៊ុន Huawei មិនបានឆ្លើយតបចំពោះសំណើសុំឲ្យមានការអត្ថាធិប្បាយនោះឡើយ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នៃការរំលោភបំពានដែលអាចកើតមាននៃការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយបានថា តើការស៊ើបអង្កេតណាមួយកំពុងដំណើរការនោះទេ។

ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា TechInsights បានរកឃើញបន្ទះឈីប TSMC ត្រូវបានបំពាក់នៅលើបច្ចេកវិទ្យា Ascend 910B របស់ក្រុមហ៊ុន Huawei ហើយពួកគេបានជូនដំណឹងទៅកាន់​ TSMC ខណ:ក្រុមហ៊ុនយក្សរបស់តៃវ៉ាន់នេះ បានចាត់វិធានការភ្លាមៗ ដើម្បីបញ្ឈប់ការនាំចេញរបស់ខ្លួន ទៅកាន់អតិថិជននៅប្រទេសចិន ផងដែរ។

ជម្រាបជូនផងដែរថា TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនមិនបានផ្គត់ផ្គង់បន្ទះឈីបទៅកាន់ឲ្យក្រុមហ៊ុន Huawei ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ មក៕