លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី Tik Tok បានឡើងតំណែងជាអ្នកមានបំផុតរបស់ប្រទេសចិនជាលើកដំបូង ជាមួយទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ៤៩,៣ពាន់លានដុល្លារ។
ការកើនឡើងទ្រព្យសម្បត្តិសម្បត្តិដ៏ច្រើននេះ បានធ្វើឲ្យលោក Zhang វ៉ាដាច់មហាសេដ្ឋីទឹកសុទ្ធ Zhong Shanshan ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ២ វិញ ខណៈទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះអស់ប្រមាណ ២៤% មកនៅចំនួនត្រឹម ៤៧,៩ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីប្រចាំឆ្នាំដែលបានចេញផ្សាយ Hurun China Rich List កាលពីថ្ងៃអង្គារ។
យ៉ាងណាមិញ បើទោះបីជាមានការប្រឈមមុខផ្នែកច្បាប់ជាច្រើន នៅសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance បានកើនឡើង ៣០% ដល់ចំនួនសរុប ១០០ពាន់លានដុល្លារ ដែលជួយដល់ការកើនឡើងយ៉ាងច្រើននៃទ្រព្យសម្បត្តិរបស់លោក Zhang ។
លោក Pony Ma ដែលជាស្ថាបនិកក្រុមហ៊ុន Tencent ឡើងទៅជាប់ចំណាត់ថ្នាក់លេខ៣ ខណៈលោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings ធ្លាក់មកចំណាត់ថ្នាក់លេខ៤ វិញ នៅក្នុងបញ្ជីអ្នកមានបំផុតដាច់គេរបស់ប្រទេសចិន ។
ជម្រាបជូនផងផដែរថា ចំនួនមហាសេដ្ឋីរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ ១៤២ នាក់ នៅឆ្នាំនេះ មកនៅចំនួនសរុបត្រឹមតែ ៧៥៣ នាក់ប៉ុណ្ណោះ ខណ:ចំនួននេះគឺជាការធ្លាក់ចុះជាងមួយភាគបី បើធៀបនឹងចំនួនមហាសេដ្ឋីដែលបានកត់ត្រាច្រើនបំផុត នៅឆ្នាំ២០២១ ៕