ការនាំចេញទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ពីប្រទេសឥណ្ឌា បានកើនឡើងមួយភាគបី ក្នុងរយ:ពេល ៦ខែ គិតត្រឹមខែកញ្ញា ខណ:ពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ក្រុមហ៊ុន Apple បាននាំចេញទូរស័ព្ទ iPhone ដែលផលិតនៅឥណ្ឌា ក្នុងតម្លៃសរុបជិត ៦ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើងមួយភាគបីនៃតម្លៃ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយគេរំពឹងទុកថានាំចេញប្រចាំឆ្នាំរបស់ Apple ពីប្រទេសនេះ អាចនឹងកើនលើសពី ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ នេះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងបន្តពង្រីកបណ្តាញផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការទាញយកអត្ថប្រយោជន៍ធំៗ ពីការឧបត្ថម្ភធនក្នុងស្រុក កម្លាំងពលកម្មជំនាញ និងការជឿនលឿននៃសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសនេះ ជាដើម។
មិនតែប៉ុណ្ណោះ ឥណ្ឌា ត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Apple ក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនតែលើប្រទេសចិន បន្ទាប់ពីភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជម្រាបជូនផងដែរថា អ្នកផ្គត់ផ្គង់ធំៗទាំងបីរបស់ Apple ក្នុងប្រទេសឥណ្ឌា មានដូចជាក្រុមហ៊ុន Foxconn Technology Group , Pegatron របស់តៃវ៉ាន់ និងក្រុមហ៊ុនក្នុងស្រុក Tata Electronics ។ ខណ:ក្នុងចំណោមនោះ Foxconn ដែលមានរោងចក្រនៅជាយក្រុង Chennai គឺជាអ្នកផ្គត់ផ្គង់កំពូលគេរបស់ Apple នៅក្នុងប្រទេសឥណ្ឌា ដោយមានចំណែកពាក់កណ្តាលនៃការនាំចេញ iPhone សរុបរបស់ប្រទេសនេះ៕