យោងតាមរដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ លោក Zulkifli Hasan បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងពិចារណាលើផែនការនាំចូលអង្ករចំនួន ១ លានតោនពីប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០២៥ ខាងមុខ ដើម្បីទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ អំឡុងពេលរង់ចាំរដូវកាលប្រមូលផលដ៏សំខាន់របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការិយាល័យស្ថិតិជាតិ បាននិយាយនៅដើមខែនេះថា ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ២,៤៣% នៅឆ្នាំនេះ មកនៅត្រឹមចំនួន ៣០,៤ លានតោន ប៉ុណ្ណោះ ដោយសារតែការពន្យារពេលក្នុងការដាំដុះ និងរដូវប្រមូលផលចំពេលអាកាសធាតុរាំងស្ងួតយូរ។
ទន្ទឹមនឹងនេះ ប្រធានទីភ្នាក់ងារអាហារជាតិ លោក Arief Prasetyo Adi បានប្រាប់អ្នកយកព័ត៌មានថា៖ “យើងត្រូវការអង្ករបន្ថែម ១ លានតោន ដូច្នេះយើងនឹងអាចឆ្លងផុតខែកុម្ភៈ។ ជាធម្មតាទិន្នផលស្រូវអង្ករចាប់ពីខែធ្នូដល់ខែកុម្ភៈ មានចំនួនទាបខ្លាំង”។
គួរឲ្យដឹងថា អង្ករគឺជាអាហារចម្បងសម្រាប់ប្រជាជនភាគច្រើន ដែលមានចំនួន ២៨០ លាននាក់របស់ប្រទេសឥណ្ឌូណេស៊ី ហើយការប្រមូលផលស្រូវអង្ករសំខាន់ៗ ជាធម្មតាត្រូវចាប់ផ្តើមនៅក្នុងខែមីនា។
ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ីបាន ហក់ឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយបានកើនដល់ជាង ៣ លានតោន ក្នុងមួយឆ្នាំ។
ជម្រាបជូនថា ឥណ្ឌូណេស៊ី មានបំណងនាំចូលអង្ករសរុបដល់ទៅ ៣,៦ លានតោននៅឆ្នាំនេះ ខណ:ពួកគេក៏គ្រោងនឹងពង្រីកផ្ទៃដីស្រែចន្លោះពី ៧៥ ម៉ឺនហិកតា ទៅ ១ លានហិចតា នៅឆ្នាំក្រោយផងដែរ ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រធានាធិបតី លោក Prabowo Subianto ក្នុងការពឹងផ្អែកលើស្បៀងអាហារដោយខ្លួនឯង៕