ឥណ្ឌូណេស៊ី ហាមឃាត់មិនឲ្យក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone នៅក្នុងប្រទេសរបស់ខ្លួន

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី បានរារាំងក្រុមហ៊ុន Apple ពីការលក់ទូរស័ព្ទ iPhone ជំនាន់ចុងក្រោយបំផុត នៅក្នុងប្រទេសរបស់ខ្លួន ដោយនិយាយថាក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ មិនទាន់បំពេញតម្រូវការវិនិយោគក្នុងស្រុកគ្រប់គ្រាន់នៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា ទូរស័ព្ទ iPhone 16 ដែលត្រូវបានក្រុមហ៊ុន Apple បញ្ចេញលក់ក្នុងខែកញ្ញា មិនអាចដាក់លក់នៅលើទីផ្សារឥណ្ឌូណេស៊ីបានទេ ដោយសារក្រុមហ៊ុនក្នុងស្រុក PT Apple Indonesia មិនបានបំពេញតាមច្បាប់ ស្តីពីការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកឲ្យបាន ៤០% សម្រាប់ស្មាតហ្វូន និងថេប្លេត។

គួរឲ្យដឹងផងដែរថា Apple បានបោះទុនវិនិយោគត្រឹមតែ ១,៥លានរូពៀ (ឬប្រមាណ ៩៥លានដុល្លារ) ប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលទាបជាងការសន្យាថានឹងវិនិយោគចំនួន ១,៧ទ្រីលានរូពៀ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple មិនទាន់មានរោងចក្រផលិតទូរស័ព្ទរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅឡើយទេ ផ្ទុយទៅវិញក្រុមហ៊ុននេះ បាននិងកំពុងបង្កើតកម្មវិធីសិក្សាដល់អ្នកអភិវឌ្ឍកម្មវិធី និងបង្កើតសាលារៀនថ្មីៗ ជំនួសទៅវិញ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទដែលជាគូប្រជែងរបស់ Apple ផ្សេងទៀត ដូចជា Samsung Electronics និង Xiaomi សុទ្ធតែបានបង្កើតរោងចក្រផលិតរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីគោរពតាមបទប្បញ្ញត្តិមាតិកាក្នុងស្រុកដែលបានប្រកាសចេញដំបូង ក្នុងឆ្នាំ២០១៧ ដែលជាមធ្យោបាយមួយ ដើម្បីជួយជំរុញដល់ប្រើប្រាស់ធាតុផ្សំក្នុងស្រុក ឬជួលកម្មករនៅក្នុងប្រទេស៕