ក្រុមហ៊ុន Toyota Motor បាននិយាយនៅថ្ងៃពុធ ទី៣០ ខែតុលាថា ផលិតកម្មនៅទូទាំងពិភពលោករបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែលតំណាងឲ្យការថយចុះទិន្នផលក្នុងរយ:ពេល ៨ខែជាប់ៗគ្នា ដោយសារតែការលក់ និងផលិតកម្មធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាទីផ្សារធំបំផុតទាំងពីររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ផលិតកម្មសរុបរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន បានធ្លាក់ចុះ ៨% ពោលគឺបានផលិតត្រឹមតែ ៨២៦ ៥៥៦ គ្រឿង ប៉ុណ្ណោះ សម្រាប់ខែកញ្ញា ដោយក្នុងនោះការផលិតនៅសហរដ្ឋអាមេរិកធ្លាក់ចុះ ១៤% ស្របពេលការផលិតក្នុងប្រទេសចិនធ្លាក់ចុះ ១៩% ។
ទិន្នផលរថយន្តនៅក្នុងសហរដ្ឋអាមេរិក ភាគច្រើនត្រូវបានរងផលប៉ះពាល់ ដោយសារតែផ្អាកការផលិត និងចែកចាយរថយន្តម៉ូដែលសំខាន់ៗ ដូចជា Grand Highlander និង Lexus TX sport utility vehicles បន្ទាប់ពីជួបប្រទះបញ្ហាពោងសុវត្ថិភាព។
ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Toyota ក៏បានបន្តប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងផងដែរ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនរថយន្តផលិតអគ្គិសនីក្នុងស្រុក។
ជម្រាបជូនថា ក្រុមហ៊ុន Toyota ក៏បានរាយការណ៍ពីការធ្លាក់ចុះ ៧% នៃការលក់នៅទូទាំងពិភពលោក សម្រាប់ខែកញ្ញាផងដែរ ពោលគឺលក់បានត្រឹមតែចំនួន ៨៥៣ ១៤៩ គ្រឿងប៉ុណ្ណោះ ដោយការលក់នៅសហរដ្ឋអាមេរិកធ្លាក់ចុះ ២០% ខណ:ការលក់នៅក្នុងប្រទេសចិនធ្លាក់ចុះ ៩% និងការលក់នៅជប៉ុន ធ្លាក់ចុះ ៦% ៕