Elon Musk ថាមនុស្សយន្តនឹងកើនឡើងលើសចំនួនមនុស្ស ក្នុងរយៈពេលតិចជាង ២០ឆ្នាំខាងមុខ

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីពេលថ្មីៗនេះ បាននិយាយថា មនុស្សយន្តអាចនឹងមានចំនួនច្រើនជាងមនុស្ស ក្នុងរយៈពេលតិចជាង ២០ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្នុងអំឡុងពេលបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ Future Investment Initiative ដែលជាវិទ្យាស្ថានបង្កើតឡើងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត លោក Musk បាននិយាយថា ៖”ខ្ញុំគិតថានៅឆ្នាំ ២០៤០ ខាងមុខ ចំនួនមនុស្សយន្ត ប្រហែលអាចនឹងមានច្រើនជាងចំនួនមនុស្ស” ។

តាមការ​ប៉ាន់​ស្មាន​នោះ​ ​មនុស្ស​យន្ត​​ប្រហែល ១០ ពាន់​លាន​គ្រឿង រំពឹងថានឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅ​ជុំវិញ​ពិភពលោក ខណ:មហាសេដ្ឋីកំពូលរូបនេះ បាននិយាយទៀតថា សម្រាប់មនុស្សយន្តដែលមានសមត្ថភាពអាចធ្វើអ្វីក៏បាន ទំនងជាមានតម្លៃចន្លោះពី ២ម៉ឺនដុល្លារ ទៅ ២៥ ០០០ដុល្លារ ក្នុងមួយគ្រឿង។

រំលឹកផងដែរថា កាលពីដើមខែនេះ Elon Musk បានដាក់បង្ហាញនូវមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ដែលមានសមត្ថភាពអាចធ្វើកិច្ចការងារជំនួសដៃជើងមនុស្សបានជាច្រើន ជាពិសេសថែមទាំងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សបានថែមទៀតផង។

មិនតែប៉ុណ្ណោះ លោក Elon Musk មានសុទិដ្ឋិនិយមថាចំនួនមនុស្សយន្តនឹងមានកើនឡើងច្រើន នាពេលអនាគត ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា Generative Artificial Intelligence (Gen AI)។ សព្វថ្ងៃនេះ ស្ទើរតែគ្រប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងអស់ កំពុងផ្តល់ជូននូវកំណែឧបករណ៍ និងវេទិកា Gen AI របស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីជួយសម្រួល និងអនុវត្តកិច្ចការប្រចាំថ្ងៃ ជាច្រើន៕