ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី២៩ ខែតុលាកន្លងទៅ បានប្រកាសវិនិយោគចំនួនទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះ ក៏នឹងរួមបញ្ចូលទឹកប្រាក់ចំនួន ១៤៧លានដុល្លារ សម្រាប់ផ្តល់ជូនរដ្ឋបាលតំបន់ Maryland ដែលជាម្ចាស់កំពង់ផែ Baltimore ផងដែរ។
មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា មូលនិធិដ៏ច្រើននេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតការងារសហជីព និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីឆ្ពោះទៅរកការប្រើប្រាស់ឧបករណ៍ទំនើបជាងមុន។
ជម្រាបជូនផងដែរថា ការប្រកាសនេះត្រូវធ្វើឡើង បន្ទាប់ពីខ្យល់ព្យុះបានវាយប្រហារទៅលើកំពង់ផែ នៅតំបន់ឆ្នេរភាគខាងកើត និងឈូងសមុទ្ររបស់សហរដ្ឋអាមេរិក កាលពីដើមខែនេះ ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រហែលពាក់កណ្តាលរបស់ប្រទេសនេះ ត្រូវបានផ្អាកទាំងស្រុង៕