ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើការយ៉ាងសកម្ម ក្នុងការជំរុញការវិនិយោគបន្ថែម ដើម្បីបង្កើតខ្លួនជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនី (EV) និងអាគុយ ដ៏ធំបំផុតនៅក្នុងអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



កាលពីខែកក្កដា ប្រទេសឥណ្ឌូណេស៊ី បានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងគេក្នុងតំបន់ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution របស់កូរ៉េខាងត្បូង ជាមួយនឹងការវិនិយោគសរុបចំនួនជាង ១ពាន់លានដុល្លារ ដែលស្ថិតនៅលើកោះ West Java ។

ទន្ទឹមនឹងនេះ លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បាននិយាយថា រោងចក្រថ្មីនេះ នឹងជួយឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ EV នៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលប្រទេសនេះមានគោលបំណងក្លាយជាប្រទេសមួយក្នុងចំណោមកន្លែងផលិតអាគុយ EV កំពូលទាំងបីរបស់ពិភពលោក នាពេលអនាគត។

គួរឲ្យដឹងថា ឥណ្ឌូនេស៊ីមានទុនបំរុងរ៉ែនីកែលដ៏ធំបំផុតនៅលើពិភពលោក រួមជាមួយនឹងរ៉ែដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុសំខាន់សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។

យ៉ាងណាមិញ ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងរយ:ពេលចុងក្រោយនេះ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើន រួមទាំងការលើកលែងផ្នែកពន្ធ ដើម្បីជំរុញការលក់ ចំពេលមានការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីនាំចូល។

ប៉ុន្តែជាមួយគ្នានេះ យោងតាមលោក Putra Adhiguna នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវការផ្លាស់ប្តូរថាមពល យល់ឃើញថា ការផ្គត់ផ្គង់អាគុយលើសកម្រិតនៅលើសកលលោក អាចនឹងរារាំងសមត្ថភាពរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត៕