ចិន ប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនឲ្យឈប់វិនិយោគនៅក្នុងប្រទេសអឺរ៉ុប ដែលគាំទ្រដល់ការដំឡើងពន្ធថ្មី

អន្តរជាតិ

រដ្ឋាភិបាលប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន ឲ្យបញ្ឈប់ការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលគាំទ្រដល់ការយកពន្ធបន្ថែមលើរថយន្តអគ្គិសនីរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្បាប់នៃការដំឡើងពន្ធថ្មីរហូតដល់ ៤៥,៣% របស់សហភាពអឺរ៉ុបត្រូវបានដាក់ចូលជាធរមាន កាលពីថ្ងៃពុធ ទី៣០ ខែតុលា បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតដ៏ធំរបស់ខ្លួន អស់រយ:ពេលមួយឆ្នាំ ដែលបានធ្វើឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅអឺរ៉ុប និងកំពុងជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់ចេញវិធានការសងសឹកវិញ។

គួរឲ្យដឹងថា សមាជិកសហភាពអឺរ៉ុបចំនួន១០ រួមមានបារាំង ប៉ូឡូញ និងអ៊ីតាលី បានគាំទ្រដល់ការដំឡើងពន្ធថ្មី នៅក្នុងការបោះឆ្នោតមួយក្នុងខែនេះ ដោយក្នុងនោះសមាជិកចំនួន៥ រួមទាំងអាល្លឺម៉ង់បានជំទាស់ ខណ:សមាជិក ១២ ផ្សេងទៀត មិនចូលរួមបោះឆ្នោត។

យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ចិន រួមមាន BYD និង Geely ដែលកំពុងបោះទុនរាប់ពាន់លានដុល្លារនៅអឺរ៉ុប ត្រូវបានប្រាប់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១០ ខែតុលា ថាពួកគេគួរតែផ្អាកផែនការវិនិយោគទ្រង់ទ្រាយធំរបស់ពួកគេ ក៏ដូចជាផែនការសាងសង់រោងចក្រថ្មី នៅក្នុងប្រទេសដែលប្រកាសគាំទ្រសំណើដំឡើងពន្ធថ្មីនេះ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តបរទេសជាច្រើនផ្សេងទៀត ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ ដោយតំណាងក្រុមហ៊ុនទាំងនោះ ត្រូវបានប្រាប់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសដែលមិនចូលរួមបោះឆ្នោត និងត្រូវបានលើកទឹកចិត្តឲ្យបន្តបណ្តាក់ទុនលើប្រទេសដែលបោះឆ្នោតប្រឆាំង។

ជុំវិញចំណាត់ការរបស់អាជ្ញាធរចិន ក្នុងការផ្អាកការវិនិយោគមួយចំនួននៅអឺរ៉ុប បានបង្ហាញឲ្យឃើញថារដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងស្វែងរកអានុភាពក្នុងកិច្ចពិភាក្សាផ្ទាល់ជាមួយ EU លើជម្រើសនៃពន្ធគយ ដោយចង់​ជៀសវាង​ការធ្លាក់ចុះខ្លាំងនៃការនាំចេញរថយន្ត EV របស់ខ្លួន ទៅកាន់ទីផ្សារសំខាន់ៗ។

ជម្រាបជូនផងដែរថា អឺរ៉ុបមានចំនួនជាង ៤០% នៃរថយន្ត EV ដែលដឹកជញ្ជូនចេញពីប្រទេសចិន គិតក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្នែកលើទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន៕